(ភ្នំពេញ)៖ ក្រុមយុវជនទំពាំងស្នងឫស្សី របស់សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ដឹកនាំដោយ លោក ឈួរ ឈុនហួរ ប្រធានជំនាន់ទី១ ក្រោមការណែនាំផ្ទាល់ពីលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦នេះ បានបន្ដសកម្មភាព ដាំដើមឈើ និងរើសសំរាម នៅវត្ត និងវិទ្យាល័យព្រែកលៀប ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។

ពិធីនេះបានធ្វើឡើង ដោយមានការចូលរួមពី សហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌជ្រោយចង្វារ និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ជាច្រើននាក់ផងដែរ។

ក្នុងឱកាសនេះដែរ លោក ឈួរ ឈុនហួរ ប្រធានជំនាន់ទី១ នៃកម្មវិធីទំពាំងស្នងឫស្សី បានលើកឡើងថា «ការដាំកូនប្រមាណ១៥០ដើមនាពេលនេះ ធ្វើឡើងក្នុងន័យគិតគូរពីបញ្ហា បរិស្ថានពេលបច្ចុប្បន្ន និងនៅពែលអនាគត ជាពិសេសដើម្បីឲ្យប្រទេសជាតិ យើងមានគម្របព្រៃ ដើម្បីប្រយោជន៍សម្រាប់មនុស្សជាតិផង និងសម្រាប់ជាប្រយោជន៍ សម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ ដែលផ្ដើមចេញពីវាគ្មិនទំពាំងស្នងឫស្សីរបស់យើង»

លោក បានបន្ថែមថា «យើងផឹកទឹកត្រូវនឹកដល់ប្រភព ជ្រកក្រោមម្លប់ត្រូវនឹកដល់អ្នកដាំ ធ្វើជាយុវជន មិនត្រូវចាំតែរិៈគន់សង្គម នឹងមើលបំណាំសង្គមនោះទេ តែត្រូវចាប់ផ្តើមធ្វើ និងការចូលរួមចំណែកជាមួយសង្គម តាមរូបភាពដែលអាចធ្វើបាន»

ជាមួយគ្នានេះដែរ ក្រុមយុវជនទំពាំងស្នងឫស្សី ក៏បានផ្ដល់ដល់សិស្សានុសិស្សនូវ សៀវភៅ១០០ក្បាល ប៊ិច១០០ដើម និងអាវស ជាច្រើនផងដែរ។

សូមបញ្ជាក់ថា ក្រុមយុវជនទំពាំងស្នងឫស្សី ត្រូវបានបង្កើតឡើង ដោយការបោះឆ្នោតជ្រើសរើស ពីយុវជន ក្នុងសង្កាត់ ខណ្ឌ និងតាមមន្ទីរ ក្រសួង ដែលមានសមាជិក១៣៦នាក់។ កន្លងមកក្រុមយុវជននេះ បានចូលរួមក្នុងការងារសង្គមជាច្រើនផងដែរ ហើយការងារទាំងនោះ គឺកើតឡើងពីការស្ម័គ្រចិត្ត ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានភាពរីកចម្រើន៕