(កំពង់ស្ពឺ)៖ សោកដនាកម្មគ្រោះថ្នាក់ចរាចរណ៍ដ៏ន្ធត់មួយ បណ្តាលឲ្យយុវជនចំនួន៣នាក់ ស្លាប់ភ្លាមៗ នៅកន្លែង ក្នុងគ្រោះថ្នាក់ចរាចរណ៍ម៉ូតូ បុកជាមួយរថយន្តកុងតឺន័រ នៅលើផ្លូវជាតិលេខ៤។ ហេតុគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅយប់ រំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចផ្លូវបំបែកជា៤ ផ្សារព្រៃផ្តៅ ស្ថិតក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

មន្ត្រីនគរបាល បានឲ្យដឹងថា ជនរងគ្រោះ៣នាក់ ជិះម៉ូតូ១គ្រឿង ម៉ាក Honda Dream C125 ឆ្នាំ២០០៨ ពាក់ស្លាកលេខកំពង់ស្ពឺ 1C-2343 ធ្វើដំណើរមកពីទិសខាងជើងឆ្លងផ្លូវជាតិលេខ៤ ទៅត្បូង ស្រាប់តែបុករថយន្ត កុងទីន័រ១គ្រឿង ពាក់ស្លាកលេខភ្នំពេញ3D-6837 អ្នកបើកបរមិនស្គាល់ឈ្មោះ។ មន្ដ្រីនគរបាលបន្ដថា ម៉ូតូបានបានជ្រុលបុក ចំពីចំហៀងរថយន្តខាងឆ្វេងកង់ក្រោយ បណ្ដាលឲ្យរថយន្ដជាន់ស្លាប់ទាំង៣នាក់។ ចំណែកអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ស្រមោល។

ប៉ុន្ដែសាក្សី នៅកន្លែងកើតហេតុ បានបញ្ជាក់ថា ក្រោយពេលកើតហេតុ មានរថយន្តសាំយ៉ុងមួយគ្រឿងទៀត បានកិនសាកសពបន្ថែម ធ្វើបែកលលា ធ្លាយខួរពេញផ្លូវ បែបនេះ។

បច្ចុប្បន្នវត្ថុតាងទាំងពីរគ្រឿង ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីកសាងសំណុំចាត់ការតាមនីតិវិធី រីឯសាកសពរក្សាទុកនៅ មន្ទីរព្យាបាល និងសម្ភពរស្មី ដើម្បីស្រាវជ្រាវរកសាច់ញាតិ៕