(កណ្តាល)៖ ជនសង្ស័យ២នាក់ ដែលសមត្ថកិច្ចបញ្ជាក់ថា បានជិះម៉ូតូដេញតាមប្លន់ម៉ូតូនាយផ្នែកនគរបាលស្រុកស្អាង ត្រូវបានប្រជាពលរដ្ឋ​ចាប់វាយឱ្យរបួសជាទម្ងន់ ខណៈដែលជនសង្ស័យម្នាក់ ក្នុងចំណោមពួកគេ បានស្លាប់ ពេលបញ្ជូនទៅដល់មន្ទីពេទ្យ។

ហេតុការណ៍នេះ កើតឡើងនៅល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចផ្លូវលំ បត់​ចូលវត្តធន់មន្ត ភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

មន្ត្រីនគរបាលស្រុកស្អាង បានឲ្យដឹងថា ជនសង្ស័យដែលស្លាប់នោះ​ឈ្មោះ ចំរើន សីហា អាយុ២៦ឆ្នាំ និងម្នាក់ទៀតឈ្មោះ ទិត លាភ ​អាយុ២២ឆ្នាំ របួសធ្ងន់។ ចំណែកនគរបាលដែលរងគ្រោះឈ្មោះ ឆៃ ស៊ីណា​ អាយុ៣៣ឆ្នាំ ​ជានាយផ្នែកនគរបាលស្រុកស្អាង​។

ពលរដ្ឋដែលបានឃើញហេតុការណ៍ បានឲ្យដឹងថា ​មុនកើតហេតុ ពួកគេឃើញក្រុមចោរ៣នាក់ បានជិះដេញតាមម៉ូតូឈ្មោះ ឆៃ ស៊ីណា រហូតដល់ចំណុចកើតហេតុ ទើបជនរងគ្រោះបានផ្តួលម៉ូតូ ហើយស្រែកថាចោរៗ ភ្លាមនោះប្រជាពលរដ្ឋបានចេញមក ជួយអន្តរាគមន៍ ចាប់បានជនសង្ស័យ២នាក់ (បក្ខពួកមួយចំនួនទៀត រត់គេចខ្លួន) ហើយពលរដ្ឋចោមរោមបានវាយ១ដៃ១ជើងម្នាក់ បណ្តាលឱ្យទ្រោមខ្លួនតែម្តង មុននឹងប្រគល់ពួកគេឱ្យសមត្ថកិច្ច។

ក្រោយពេលឃាត់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់អធិការ ​ដោយស្ថានភាព​របួសធ្ងន់ទើប លោក សេង សុជាតិ អធិការនគរបាលស្រុកស្អាង បានបញ្ជាឲ្យនាយផ្នែកព្រហ្មទណ្ឌ ទំនាក់ទំនងទៅក្រុមគ្រួសារ ឲ្យមកទទួលយកទៅព្យាបាលសិន រហូតដល់ម៉ោង១៩៖២៥នាទី ទើបក្រុមគ្រួសារជនសង្ស័យមកដល់ រួចទទួលយកជនសង្ស័យទៅកាន់មន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ ដើម្បីព្យាបាលលុះដល់ ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ នគរបាលបានទទួលព័ត៌មានថា ជនសង្ស័យម្នាក់ឈ្មោះ ចំរើន សីហា ស្លាប់នៅមន្ទីរពេទ្យ ចំណែកម្នាក់ទៀតរងរបួស កំពុងសម្រាកព្យាបាល ។

ភ្លាមនោះកម្លាំងនគរបាលស្រុកស្អាង បានមកសហការជាមួយនគរបាលខេត្ត ទៅពិនិត្យសាកសពឃើញថា សាកសពមានស្នាមជាំ លើដើមទ្រូង និងមានស្នាមធ្លាប់វះកាត់ពោះផងដែរ ហើយក្រុមគ្រួសារបានអះអាងថា សាកសពធ្លាប់វះកាត់តពោះវៀន រហូតដល់ទៅ២កំណាត់ ដូច្នេះទំនងជាអាចពលរដ្ឋ ទាត់ធាក់ត្រូវចំស្នាមរបួសចាស់ ទើបបណ្តាលឲ្យរបួសចាស់ សើរើរហូតដល់ស្លាប់បែបនេះ​។

បច្ចុប្បន្នសាកសព ត្រូវក្រុមគ្រួសារដឹកបញ្ជូនទៅកាន់ស្រុកកំណើត ដើម្បីធ្វើបុណ្យតាមប្រពៃណី រីឯជនសង្ស័យម្នាក់ កំពុងសម្រាកព្យាបាល៕