(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃសុក្រទី២១ ខែតុលានេះ បានអនុម័តទាំងស្រុងនូវសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ ដោយគ្រោងចំណាយថវិកាប្រមាណជាង ៥ពាន់លានដុល្លារ សម្រាប់ការចំណាយរបស់ជាតិ នៅឆ្នាំ២០១៧ខាងមុខនេះ។

សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់យ៉ាងច្បាស់ថា «ថវិកាជាតិឆ្នាំ២០១៧ ត្រូវបានគ្រោងក្នុងទឹកប្រាក់ ២០,១៨៤,៤៥៧ លានរៀលស្មើនឹង២២.៦៧% នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស) គឺមានកំណើន១៥.៦% ធៀបនឹងថវិកាឆ្នាំ២០១៦»

សេចក្តីប្រកាសបានបញ្ជាក់ទៀថា ចំណាយចរន្តថវិកាថ្នាក់ជាតិឆ្នាំ២០១៧ មានទិសដៅជាយុទ្ធសាស្រ្តកំណត់ ចំណាយចរន្តឱ្យស្ថិតនៅកម្រិតចំនួន ១៣,០៥០,៦៨៦លានរៀល ប្រហាក់ប្រហែលនឹង៣,២៦២លានដុល្លារ ត្រូវជា១៤.៦៦% នៃផ.ស.ស. គឺមានកំណើន១៧% ធៀបទៅនឹងឆ្នាំ ២០១៦ ដែលក្នុងនោះ៖

ចំណាយលើបន្ទុកបុគ្គលិករួមមាន៖ បៀវត្សរ៍មានជាអាទិ៍មូលដ្ឋានប្រាក់ បំណាច់មុខងារ ប្រាក់ឧបត្ថម្ភ និវត្តជន លាភការ និងរង្វាន់ផ្សេងៗ សម្រាប់បុគ្គលិក ក្របខ័ណ្ឌអចិន្ត្រៃយ៍ មន្រ្តីជាប់កិច្ចសន្យាត្រូវបានគ្រោងចំនួន ៦,៨០៤,០៥៩លានរៀល ប្រហាក់ប្រហែល១,៧០១លានដុល្លារ មានសមាមាត្រ ៥២.១៤% នៃចំណាយចរន្ត ថវិកាថ្នាក់ជាតិត្រូវជា ៧.៦៤% នៃផ.ស.ស. គឺមានកំណើន ២០.៧% ធៀបនឹងថវិកាឆ្នាំ២០១៦។

ក្នុងនោះបានគ្រោង៖ (១)-ការដំឡើងប្រាក់បៀវត្សមូលដ្ឋានក្នុងអត្រា ១២% (២)-ការដំឡើងប្រាក់ឧបត្ថម្ភប្រពន្ធ កូនមន្រ្តីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ដោយឱ្យកូនម្នាក់ចំនួន ១០,០០០រៀល ក្នុងមួយខែ និងប្រពន្ធចំនួន ១៥,០០០រៀល ក្នុងមួយខែ។ (៣)-ការដំឡើងប្រាក់បំណាច់មុខងារ។

វិស័យការពារជាតិសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ៖ ត្រូវបានគ្រោងចំនួន ៣,៣៣៨,៤០០លានរៀល ប្រហាក់ប្រហែល ៨៣៤លានដុល្លារ មានសមាមាត្រ ស្មើនឹង ២៥.៦% នៃចំណាយចរន្តថវិកាថ្នាក់ជាតិត្រូវជា ៣.៧៥% នៃផ.ស.ស គឺមានកំណើន ២០.៤% ធៀបនឹងថវិកាឆ្នាំ២០១៦។
 
វិស័យសេដ្ឋកិច្ច៖ ត្រូវបានគ្រោងចំនួន ១,៣០៦,៣៦៧ លានរៀលប្រហាក់ប្រហែល ៣២៦លានដុល្លារ មានសមាមាត្រស្មើនឹង១០% នៃចំណាយចរន្តថវិកាថ្នាក់ជាតិ ត្រូវជា ១.៤៧% នៃផ.ស.ស. គឺមានកំណើន ១៣.១%ធៀបនឹងថវិកាឆ្នាំ២០១៦។  

វិស័យសង្គមកិច្ច៖ ត្រូវបានគ្រោងចំនួន ៤,៨៣៦,៤៩៨លានរៀល ប្រហាក់ប្រហែល១,២០៩លានដុល្លារ មានសមាមាត្រស្មើនឹង៣៧.១% នៃចំណាយចរន្តថវិកា ថ្នាក់ជាតិ ត្រូវជា ៥.៤៣% នៃផ.ស.ស គឺមានកំណើន ១២.៧% ធៀបនឹងថវិកាឆ្នាំ២០១៦៕