(កណ្តាល)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី ១៦ ខែតុលានេះ បានអញ្ជើញទស្សនាការប្រណាំងទូកង នៅទីក្រុងតាខ្មៅ ដែលរៀបចំនៅ​ទន្លេក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីចូលរួមអបអរសាទរថ្ងៃចេញព្រះវស្សា និងដើម្បីជ្រើសរើសទូកយកទៅ​ប្រកួតនៅថ្ងៃបុណ្យអុំទូកខាងមុខ។

Facebook របស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា ការប្រណាំងទូកនេះ ក៏ដើម្បីជាការទាក់ទាញដល់ភ្ញៀវទេសចរ ឲ្យបានស្គាល់អំពីប្រពៃណីទំនៀមទំលាប់របស់ខ្មែរយើងផងដែរ​និងដើម្បីរម្លឹកដល់គំរូវីរភាពដ៏អង់អាចក្លាហាន របស់កងទ័ពជើងទឹករបស់ខ្មែរ កាលពីជំនាន់ដើម។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា សំរាប់ការប្រណាំងទូកនេះ មានទូកទាំងអស់ចំនួន៣២គូ ដែលមានគាំទ្រទស្សនាយ៉ាងច្រើនកុះករ ពីសំណាក់​បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តកណ្តាល និងមកពីបណ្តាខេត្តផ្សេងៗទៀតផងដែរ។ ភាពសប្បាយរីករាយទាំងនេះ កើតមានឡើងដោយសារ កម្ពុជាមានសុខសន្តិភាព និង​រីកចម្រើនគ្រប់វិស័យ៕