(ភ្នំពេញ)៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលទឹកថ្លា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦នេះ បានចុះបង្ក្រាបទីតាំងប្រើប្រាស់គ្រឿងញៀនមួយកន្លែង ត្រង់ចំណុចភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ១១នាក់ និងដកហូតវត្ថុតាងមួយចំនួនទៀត។

លោក ម៉ក ហុង អធិការនគរបាលខណ្ឌសែនសុខ បានឱ្យដឹងថា ក្រោយមានការសង្ស័យក្នុងទីតាំងខាងលើ មានជាប់ពាក់ព័ន្ធនឹងការជួញដូរ និងប្រើប្រាស់គ្រឿងញៀន កម្លាំងសមត្ថកិច្ចបានចុះទៅត្រួតពិនិត្យផ្ទាល់ ខណៈនោះ កម្លាំងសមត្ថកិច្ចបានឃើញជនសង្ស័យចំនួន ១១នាក់ កំពុងប្រព្រឹត្តសកម្មភាពប្រើប្រាស់គ្រឿងញៀន ភ្លាមៗកម្លាំងសមត្ថកិច្ចក៏ចូលឃាត់ពួកគេ តែម្ដង។

លោកអធិការបានបន្តថា ក្រោយពីឃាត់ខ្លួនក្រុមជនខាងលើរួចហើយ កម្លាំងនគរបាលក៏បានប្រមូលយកបាន ជញ្ចីងថ្លឹង១គ្រឿង, កាំបិត២ដើម, ឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួនទៀត។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការបន្ត៕