(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ លូ លីឃាង ប្រធានមន្ទីរពេទ្យព្រះអង្គឌួង បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh news នៅព្រឹកថ្ងៃទី០៨តុលានេះថា មន្ទីរពេទ្យព្រះអង្គឌួង សូមប្រកាសជាសាធារៈថា មន្ទីរពេទ្យព្រះអង្គឌួង ដឹកសពប្រជាពលរដ្ឋរងគ្រោះ ពីមន្ទីរពេទ្យព្រះអង្គឌួងទៅទូទាំង២៥ខេត្ដ-ក្រុង ដោយមិនគិតកម្រៃ និងមិនផ្លាស់ប្ដូររថយន្ដដឹកសពនោះទេ ពោលគឺដឹកសពទៅដល់ទីតម្កល់តែម្ដង​ទោះស្ថិតនៅទីតំាងណាក៏ដោយ។

លោកសាស្ដ្រចារ្យ បន្ដថា «ពិសេសមន្ទីរពេទ្យព្រះអង្គដួង បានដឹកជញ្ជូនជនរងគ្រោះថ្នាក់ចរាចរណ៍ មិនដែលយកកម្រៃដូចគ្នាដែរ ដែលនេះជាកិច្ចឆ្លើយតបទៅនឹង ការសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ដែលដឹកនាំដោយលោរដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ថា គ្រប់មន្ទីរពេទ្យរដ្ឋទាំងអស់រាល់ការដឹកជញ្ជូនជនរងគ្រោះថ្នាក់ចរាចរណ៍ និងដឹកសពប្រជាពលរដ្ឋ មិនត្រូវយកថ្លៃសេវាឡើយកាលពីកន្លងទៅនេះ»

លោកសាស្ដ្រចារ្យបន្ថែមថា ខាងមន្ទីរព្រះអង្គឌួង បានអនុវត្ដន៍ទៅតាមការស្នើសុំ ក៏ដូចជាសេចក្ដីជូនដំណឹងរបស់ក្រសួងបាន១០០% ព្រោះមន្ទីរពេទ្យមួយនេះ ដឹកសពរហូតមកនេះ មិនដែលគិតថ្លៃសេវានោះឡើយ៕