(ព្រះសីហនុ)៖ កម្លាំងជំនាញការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ បានសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ធ្វើការស្រាវជ្រាវស៊ើបអង្កេត ចាប់បានជនសង្ស័យ២នាក់ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦ បន្ទាប់ពីបានឆក់កាបូបស្ដ្រីជនបរទេស នៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ បានមួយថ្ងៃ។

លោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរងនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ ជនសង្ស័យទាំងពីរបានធ្វើសកម្មភាព ឆក់កាបូបស្រ្ដីជនបរទេសម្នាក់ ឈ្មោះ HENAGE ALENUE CELIA ជនជាតិបារាំង ខណៈដែលជនរងគ្រោះកំពុងជិះកង់តាមផ្លូវ។

លោកឧត្តមសេនីយ៍ត្រី បញ្ជាក់ថា ជនសង្ស័យទី១-ឈ្មោះ សឿង សីហា អាយុ២៣ឆ្នាំ មានទីលំនៅ ភូមិ៤សង្កាត់៤ ក្រុងព្រះសីហនុ ជាអ្នកឆក់ ទី២-ហ៊ីម ភ័ក្រ្តា អាយុ២២ឆ្នាំ មានទីលំនៅ ភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ ជាអ្នកបើកម៉ូតូ។

ក្រោយពីឃាត់ខ្លូនសមត្ថកិច្ចដកហូតបានទូរស័ព្ទដៃ ម៉ាក iPhone4s ១គ្រឿង ម៉ូតូម៉ាកស្កុបពី ១គ្រឿង ជាមធ្យោបាយសម្រាប់ធ្វើសកម្មភាពជិះឆក់។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាង សំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕