(កណ្តាល)៖ ក្រុមហ៊ុន Smart និងអង្គការស៊ីប៉ា (Sipar) បានប្រកាសភាពជាដៃគូថ្មីក្នុងលើកកម្ពស់ការអប់រំ តាមរយៈការផ្តល់ iPad Mini3 ចំនួន៣៦គ្រឿង ដើម្បីបំពាក់នៅក្នុងបណ្ណាល័យ មណ្ឌលធនធាននៅរោងចក្រ កាត់ដេរចំនួន១៨កន្លែង អមជាមួយនឹងកម្មវិធីបើកសម្ពោធឱ្យប្រើប្រាស់ ជាផ្លូវការ​បណ្ណាល័យមណ្ឌលធនធាន នៅរោងចក្រកាត់ដេរ TY Fashion ដែលជាបណ្ណាល័យទី៩របស់គម្រោង។

ពិធីសម្ពោធនេះបានប្រារព្ធធ្វើឡើងនៅថ្ងៃទី០៧តុលា ដែលមានចូលរួមពីសំណាក់តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងដៃគូគម្រោងដូចជា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) អង្គការCare និងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍(CWPD)។

បណ្ណាល័យមណ្ឌលធនធាន គឺជាកន្លែងសម្រាប់អាន រៀន និងស្វែងយល់បន្ថែមពីវិធីថែទាំសុខភាព ហើយគោលបំណងចម្បងក្នុងការបង្កើត​បណ្ណាល័យមណ្ឌលធនធាន នៅក្នុងរោងចក្រកាត់ដេរ គឺដើម្បីបង្តើតឱកាសសម្រាប់កម្មករ-កម្មការនីរោងចក្រក្នុងការអភិវឌ្ឍការអប់រំ តាមរយៈការអាន ក៏ដូចជាការថែទាំសុខភាព ដោយក្នុងនោះ យើងមានវគ្គបណ្តុះបណ្តាលអំពីសុខភាព អាហារូបត្ថម្ភ ។ល។

បណ្ណាល័យនេះ ជាផ្នែកមួយនៃគម្រោងរយៈពេលបីឆ្នាំ «ការអភិវឌ្ឍផ្នែកអប់រំ និងសង្គមសម្រាប់កម្មករ-កម្មការនីនៅក្នុងវិស័យរោងចក្រកាត់ដេរនៅកម្ពុជា តាមរយៈបណ្ណាល័យមណ្ឌលធនធាន» ដែលរៀបចំ និងប្រតិបត្តិដោយអង្គការស៊ីប៉ា (Sipar) ក្រោមជំនួយហិរញ្ញប្បទានរួមគ្នាពីទីភ្នាក់ងារបារាំង​សម្រាប់អភិវឌ្ឍន៍(French Development Agency-AFD) មូលនិធិ Weave our Future of Auchan Retail និងម្ចាស់ជំនួយចុងក្រោយគឺក្រុមហ៊ុនស្មាត (Smart) ដែលបានឧបត្ថម្ភជាថេប្លេតសម្រាប់ជួយដល់គម្រោងអភិវឌ្ឍវិស័យអប់រំនេះ។

លោក ហុក សុទ្ធិ នាយកអង្គការស៊ីប៉ាបានលើកឡើងថា «អង្គការស៊ីប៉ាសូមអរគុណដល់ក្រុមហ៊ុនស្មាត (Smart) ដែលបានរួមចំណែកក្នុងគម្រោងនេះ ដោយផ្តល់ជាថេប្លេត ហើយការប្រើប្រាស់ថេប្លេតក្នុងបណ្ណាល័យនេះ នឹងជួយឱ្យកម្មករ-កម្មការនីកាត់ដេរមានលទ្ធភាពទទួលបានព័ត៌មានច្រើន ជាពិសេសកម្មវិធីAppsមួយចំនួន ដែលមានសារៈសំខាន់សម្រាប់ការអនុវត្តលំហាត់ ដែលជាជំនួយដល់ការសិក្សាក្នុងថ្នាក់អក្ខរកម្ម នៅបណ្ណាល័យមណ្ឌលធនធាន។ រហូតមកដល់សព្វថ្ងៃនេះ បណ្ណាល័យមណ្ឌលធនធានទាំង៨ បានបើកឱ្យប្រើប្រាស់ដល់កម្មករ-កម្មការនីចំនួនជាង ១៧,៩៦២នាក់ រួចទៅហើយ សម្រាប់បណ្ណាល័យមណ្ឌលធនធានថ្មីទី៩ នៅរោងចក្រធីវ៉ាយ ហ្វេសិន (TY Fashion) ដែលមានកម្មករ-កម្មការនីចំនួន ៣,៧៤០នាក់ នឹងធ្វើឲ្យកំណើនចំនួនអ្នកទទួលផលពីគម្រោងនេះមានដល់ជាង ២១,០០០នាក់»

កិច្ចសហការរវាងអង្គការស៊ីប៉ា (Sipar) និងក្រុមហ៊ុនស្មាត (Smart)នេះបានបន្តជាថ្មី ក្រោយពីភាពជោគជ័យនៃភាពជាដៃគូរទៅលើគម្រោងបណ្ណាល័យចល័ត។ កាលពីដើមឆ្នាំ២០១៦ ក្រុមហ៊ុនស្មាតបានគាំទ្រដល់ដំណើរការរបស់បណ្ណាល័យចល័តអង្គការស៊ីប៉ាចំនួន២គ្រឿង ដោយបំពាក់បន្ថែមនូវឧបករណ៍បច្ចេកវិទ្យាទំនើប ដើម្បីផ្តល់សេវាអំណានដល់ប្រជាជនខ្មែរនៅតាមសហគមន៍។ គម្រោងនេះបានជួយអោយកុមារជាង១,០០០នាក់ទទួលបានសៀវភៅអានជារៀងរាល់ថ្ងៃ និងឱកាសប្រើប្រាស់ Ipads ដែលផ្តល់ដោយក្រុមហ៊ុនស្មាត(Smart)ក្នុងបណ្ណាល័យចល័តទៀតផង។

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុនស្មាត (Smart Axiata Co., Ltd) បានប្រាប់ឲ្យដឹងថា «ក្រុមហ៊ុនស្មាត មានមោទនភាពក្នុងការធ្វើជាដៃគូររបស់អង្គការស៊ីប៉ា ដោយយើងមានគោលបំណងដូចគ្នាក្នុងការផ្សព្វផ្សាយទម្លាប់អាន ដល់ប្រជាជនខ្មែរ ដែលជាផ្នែកមួយនៃការទទួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនស្មាតទៅលើវិស័យអប់រំ។

លោក អេតម៉ុន លីម (Edmund Lim) នាយកចាត់ការទូទៅ រោងចក្រកាត់ដេរធីវ៉ាយ ហ្វេសិន (TY Fashion) បានលើកឡើងថា «ក្រុមហ៊ុនថៃយ៉ា តែងតែយកចិត្តទុកដាក់ចំពោះ ការគ្រប់គ្រងធនធានមនុស្ស និងអត្ថប្រយោជន៍របស់បុគ្គលិក ដើម្បីផ្តល់នូវបរិយាកាសការងារដ៏ល្អប្រសើរ ដោយផ្តល់ការបណ្តុះបណ្តាល ដើម្បីអភិវឌ្ឍជំនាញ បង្កើនលទ្ធភាពការងារ និងលើកកំពស់ជីវភាពរបស់ពួកគេ។ ជាក់ស្តែង ដូចជាកិច្ចសហការជាមួយអង្គការស៊ីប៉ា (Sipar)លើបណ្ណាល័យដែលសម្ពោធថ្ងៃនេះ នឹងបើកអោយប្រើប្រាស់សម្រាប់បុគ្គលិកទាំងអស់ ដោយមានជំនួយ​បច្ចេកទេស ​ពីអង្គការស៊ីប៉ា(Sipar) យើងនឹងបន្តអភិវឌ្ឍការគ្រប់គ្រង និងការប្រើប្រាស់បណ្ណាល័យឲ្យកាន់តែល្អ ដើម្បីផ្តល់ឱកាសដល់កម្មករ-កម្មការិនីក្នុងការពង្រីកចំណេះដឹង និងបង្កើនទំនុកចិត្តសម្រាប់ពេលអនាគតរបស់ពួកគេ។

គួរបញ្ជាក់ថាគម្រោងនេះមានគោលបំណងបង្កើតបណ្ណាល័យមណ្ឌលធនធានឲ្យបានចំនួន១៨កន្លែង នៅខែមិថុនា ឆ្នាំ២០១៨ខាងមុខ និងធ្វើឱ្យបណ្ណាល័យទាំងនេះក្លាយជាបណ្ណាល័យគំរូ សម្រាប់ពង្រីកគម្រោងទៅរោងចក្រផ្សេងទៀតនាពេលអនាគត។ អង្គការស៊ីប៉ា(Sipar) និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) នឹងជ្រើសរើសរោងចក្រចំនួន៩កន្លែងទៀត សម្រាប់ជំហានទី២នៃគម្រោងនេះ៕