(អាមេរិក)៖ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយមុននេះបន្តិច នាយប់ជ្រៅចូលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦នេះបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយ សារព្យុះកំណាច Hurricane Matthew នៅប្រទេសហៃទី ដែលជាប្រទេសក្រីក្រជាងគេនៅទ្វីបអាមេរិក បានកើនដល់៨៤២នាក់ និងមនុស្សជាង១ម៉ឺនកំពុងគ្មានទីជម្រក។ ចំនួនតួលេខនៃអ្នកស្លាប់នេះផ្តល់ដោយក្រុមមន្រ្តី របស់ប្រទេសហៃទី, ចំនួននេះ​បានក្លាយជា សោកដនាកម្មដ៏រន្ធត់មួយ ស្របពេលព្យុះកំណាច Hurricane Matthew បាននឹងកំពុងវាយប្រហារទៅលើរដ្ឋ Florida និងបន្តដំណើរទៅកាន់រដ្ឋ Georgia រដ្ឋ South Carolina និង North Carolina សហរដ្ឋអាមេរិក។

តាមអាជ្ញាធរសហរដ្ឋអាមេរិក បានឲ្យដឹងថា ខណៈដែលព្យុះកំណាចបាននឹងកំពុងវាយប្រហារនេះ មនុស្សជិត១លាននាក់ នៅរដ្ឋ Florida អត់មានចរន្តអគ្គិសនីប្រើប្រាស់ទេ។

សូមជំរាបថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា បានប្រកាសដាក់ភាពអាសន្ននៅរដ្ឋមួយចំនួនដូចជា រដ្ឋ Georgia, រដ្ឋ Florida, រដ្ឋ South Carolina និង North Carolina សហរដ្ឋអាមេរិក។ ខ្យល់កំណាច Hurricane Matthew បានកំពុងបោកបក់នៅរដ្ឋ Florida ក្នុងល្បឿន២៤០គីឡូម៉ែត្រក្នុងមួយម៉ោង។​

អាជ្ញាធរអាមេរិកប្រកាសថា ប្រជាពលរដ្ឋនៅតាមតំបន់ឆ្នេរនៃរដ្ឋផ្ល័ររីដា ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ក៏ដូចជា ជម្លៀសខ្លួនចេញពីតំបន់ ដែលអាចនឹងទទួល រងការវាយប្រហារដោយខ្យល់ព្យុះមួយនេះ៕