(ភ្នំពេញ)៖ សហរដ្ឋអាមេរិកតាមរយៈអង្គការ NPA នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦នេះ បានសម្រេចផ្តល់ជំនួយនូវថវិកាចំនួន ១.៩លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់សកម្មភាពបោសំអាត សំណល់ជាតិផ្ទុះពីសង្គ្រាម របស់មជ្ឈមណ្ឌលកម្ចាត់ មីនកម្ពុជា (ស៉ីម៉ាក់)។

លោក ហេង រតនា អគ្គនាយកស៉ីម៉ាក់ បានបញ្ជាក់តាមរយៈ Facebook ផ្លូវការរបស់លោកថា «នៅថ្ងៃទី០៧ខែតុលានេះ​ ខ្ញុំបានចុះហត្ថលេខាជាមួយប្រធានអង្គកា NPA ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក ផ្តល់ជំនួយចំនួនជាង១.៩លាន ដុល្លារអាមេរិក តាមរយៈអង្គការ NPA ដើម្បីគាំទ្រសកម្មភាពបោសសំអាត សំណល់ជាតិផ្ទុះ ពីសង្គ្រាមរបស់អង្គភាពស៉ីម៉ាក់ នៅបណ្តាខេត្តទិសខាងកើត នៃប្រទេសកម្ពុជាសំរាប់រយៈពេល១២ខែ​ (វិច្ឆិកា​ ២០១៦-តុលា២០១៧)»

លោកបន្តថា គំរោងនេះមានរយៈពេល១២ខែ ចាប់ដើមខែវិចិ្ឆកាឆ្នាំ២០១៦ ដល់ចុងខែតុលា ឆ្នាំ២០១៧​ ដែលមានកំលាំង ប្រតិបតិ្តការចំ នួនជាង២៣០នាក់​ និងត្រូវរំដោះផ្ទៃដីចំការគ្រាប់ជាអាទិភាព នៅខេត្តកំពង់ចាម​ ត្បូងឃ្មុំ​ ក្រចេះ​ ស្ទឹងត្រែង ជាដើម ដែលត្រូវបោសសំអាតតំបន់ចំការមីនគ្រាប់បែក ប្រមាណ១២គីឡូម៉ែត្រក្រឡា។

សូមបញ្ជាក់ថា ​គិតពីឆ្នាំ១៩៩៥ មកដល់ពេលនេះ​ (១៩៩៥-២០១៧) រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់ថវិកាមក ស៉ីម៉ាក់ចំនួនប្រមាណ៤០លានដុល្លា​រ បន្ថែមលើសនេះក៏មានជំនួយសម្ភារ​ និងការហ្វឹកហ្វឺនផងដែរ។

លោក ហេង រតនា បានលើឡើងថា «តាងនាមជនរងគ្រោះ​ សហគមន៍​ និងមន្រ្តីស៉ីម៉ាក់​ ខ្ញុំសូមសំដែងការអរគុណចំពោះ រដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក បានបន្តគាំទ្រដល់សកម្មភាព មនុស្សធម៌របស់ស៉ីម៉ាក់។​ យើងសង្ឃឹមយ៉ាង មុតមាំថា​ កាព្វកិច្ចខាងសីល៌ធម៌​ (moral obligation) នឹងត្រូវបានផ្តល់ជូនប្រជាជនកម្ពុជា ដូចរដ្ឋនិងប្រជាជនជិតខាងដែរ។​ កាព្វកិច្ចខាងសីលធម៌​ ពិតជាមិនត្រូវវើសអើសឡើយ ចំពោះអ្នករងគ្រោះក្នុងសង្គ្រាមតែមួយ​ ក្នុងពេលតែមួយ!»

សូមជម្រាបថា កាលពីថ្ងៃ២៧ ខែកញ្ញា ឆ្នាំ០១៦​ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន បានចុះហត្ថលេខាលិខិតប្តូរសារ សំរាប់គាំទ្រការបោសសំអាតមីន ដោយរដ្ឋាភិបាលជប៉ុន បានសំរេចផ្តល់ជំនួយ ជាផ្លូវការចំនួន ១,៨១០លានយ៉េន​ ប្រមាណ១៧.៦លានដុល្លាអាមេរិក។

លិខិតប្តូរសារនោះ សំរាប់គាំទ្រគំរោងសមាហរណកម្មការបោសសំអាតមីន និងសង្គ្រោះជនពិការដោយសារមីន​សំរាប់ រយៈពេល៣ឆ្នាំ​ (វិចិ្ឆកា ​២០១៦ ដល់ ខែតុលា ២០១៧) ​នៅស្រុកគោលដៅចំនួន៤​ ស្រុកបរវេល​ រតនមណ្ឌល​ បាណន់ និងស្រុកសំឡូត​ ហើយក្នុងគំរោងនេះ ​រាជរដ្ឋាភិបាលក៏សំរេចផ្តល់ថវិកា១.២លានដុល្លា​អាមេរិក​ ដែលជាថវិកាបដិភាគ រាជរដ្ឋាភិបាល រួមចំណែកជាមួយថវិកាជំនួយជប៉ុន​ ដូចនេះសរុបថវិកាគំរោងស្មើនឹងជាង១៨.៨លានដុល្លាសហរដ្ឋអាមេរិក៕