(ភ្នំពេញ)៖ នៅថ្ងៃ​អាទិត្យ ទី០៩​ ខែតុលា ឆ្នាំ២០១៦ខាងមុខនេះ ប្រិយមិត្តអ្នកគាំទ្រ កំពូលតារាភា​ពយន្តថៃ លោក James Jirayu និងកញ្ញា Bella Ra​nee បើទោះជាគ្មានសំបុត្រ VIP ក៏នៅតែអាចមានឱកាស ចូលរួមជួបដោយផ្ទាល់ ជាមួយតារាប្រុស-ស្រីទាំងពីរដួងខាងលើនេះ​បាន ដោយ​សេ​រីនៅផ្សារទំនើបអ៉ីអន ។

លោក James និងកញ្ញា Bella នឹងមកដល់ទឹកដីប្រទេសកម្ពុជា ដើម្បីជួបជាមួយប្រិយមិត្តរបស់ខ្លួន ក្នុងរយៈពេលពីរថ្ងៃទៀតប៉ុណ្ណោះ គឺនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ នៅឯផ្សារទំនើបអ៉ីអន ទីតាំង Daylight Plaza វេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ រហូតដល់ម៉ោង៣​រសៀល។ ដំណើរមកដល់របស់ពួកគេ គឺតបតាមការអញ្ជើញ របស់ស្ថានីយទូរទស្សន៍ភីអិនអិន ដើម្បីចូលរួមក្នុងក​ម្ម​វិធី «វេទិកាតារាថៃប្រចាំPNN 2016» ក្រោយពីមានការសំណូមពរយ៉ាងច្រើន ពីសំណាក់​ប្រិយមិត្តកម្ពុជា មកកាន់ភីអិនអិន។

នៅមុនការមកដល់ របស់កំពូលតារាសម្តែង ប្រចាំទូរទស្សន៍ប៉ុស្តិ៍លេខបីថៃ លោក James Jira​yu និងកញ្ញា Bella Ranee ក៏បានបង្ហាញពីក្តី​ រំភើបរបស់ខ្លួនជាខ្លាំង មុនជំនួបជាមួយប្រិយមិត្តកម្ពុជា ​តាមរយៈការផ្ញើរវីដេអូឃ្លីប របស់ពួកគេមកពីប្រទេសថៃ។ នៅក្នុងវីដេអូឃ្លីបរួមគ្នា អ្នកទាំ​ងពីរបាននិយាយថា​ «សួស្តីអ្នកគាំទ្រទាំងអស់គ្នា នៅកម្ពុជា ពួកយើងនឹងទៅជួបអ្នក នៅកម្ពុជា នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ នេះហើយ។ ពួកយើងទន្ទឹងចាំជួបអ្នកទាំងអស់គ្នា! ជួបគ្នាក្នុងពេលឆាប់ៗ​នេះណា!»។

ជាមួយគ្នានេះ ភីអិនអិន ក៏បានរៀបចំកម្មវិធីផ្សងសំណាង មួយចំនួន ដើម្បីប្រិយមិត្តទទួលបានសំបុត្រ VIP ចូលរួមក្នុងកម្មវិធី «វេទិកាតារាថៃប្រចាំPNN 2016» ដែលបានធ្វើឡើងតាំងពី ខែកញ្ញា។ រហូតមកដល់ពេលនេះ ភីអិនអិន បានរកឃើញអ្នកឈ្នះ សំបុត្រ VIP រួចរាល់ហើយ។ ប្រិយមិត្តដែលឈ្នះ សំបុត្រVIP សូមទៅទទួលសំបុត្រ នៅអគារ LYP Group ដែលមានអាស​យដ្ឋាន ផ្ទះលេខ៣៤៤ មហាវិថីម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ចាប់ពីថ្ងៃទី៦ ដល់៨ តុលា ឆ្នាំ២០១៦ ដោយភ្ជាប់ជាមួយ​នូវប័ណ្ណសម្គាល់ខ្លួន និងលេខទូរស័ព្ទ។

យ៉ាងណាមិញ សម្រាប់មិត្តយុវវ័យ ឬសាធារណជន ដែលមានបំណងចូលរួមកម្មវិធី «វេទិកាតា​រាថៃប្រចាំPNN 2016» នៅថ្ងៃទី៩ ខែតុលា ខាងមុខនេះ សូមកុំបារម្ភ ឬក៏មានការអាក់អន់ស្រព​ន់​ចិត្ត ត្បិតលោកអ្នកនៅតែ អាចចូលរួមជួបផ្ទាល់ ជាមួយកំពូលតារាភាពយន្តថៃ ទាំងពីរបានដោ​យសេរី នៅផ្សារទំនើបអ៉ីអន ទីតាំង Daylight Plaza ចាប់ពីវេលាម៉ោង១២ និង៣០ នាទីថ្ងៃត្រ​ង់ ហើយក៏នឹងមានការផ្សាយផ្ទាល់ លើកញ្ចក់ទូរទស្សន៍ PNN ផងដែរ។

សូមបញ្ជាក់ថា កម្មវិធី «វេទិកាតារាថៃប្រចាំPNN 2016» បើកទូលាយទៅដល់​សាធារណជន ក៏ដូចជាប្រិយមិត្តទាំងឡាយ ដែលស្រឡាញ់ និងគាំទ្រកំពូលតារាទាំងពីរដួងនេះ ដើម្បីចូលរួមលេ​ងហ្គេមកំសាន្ត និងជួបផ្ទាល់ជាមួយពួកគេ។ ទស្សនាវីដេអូខ្លី របស់ពួកគេ​សូមចុច​ https://www.facebook.com/PNNDramaFanClub/videos/702868736536186/