(សៀមរាប)៖ អ្នកជំនាញបុរាណវិទ្យាពីររូប រួមនឹងកម្លាំងពលករជាង២០នាក់ នៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុល ខ្លោងទ្វារទី៣ផ្លូវចូលខាងកើត នៃប្រាសាទបន្ទាយស្រី។

ដំណើរការជួសជុលនេះ ក្នុងគោលបំណងធំៗចំនួនពីរ គឺកាត់បន្ថយការខូចខាតផ្ទាំងសិលាចារឹកទាំងសងខាង ស្ថិតនៅលើស៊ុមទ្វារនៃច្រកចូល កណ្តាលខាងកើតពីសំណាក់ភ្ញៀវ ចូលទស្សនាប្រាសាទប្រចាំថ្ងៃ និងសង្រ្គោះរចនាសម្ព័ន្ធប្រាសាទ ដែលកំពុងរងការហានិភ័យ។

បន្ទាប់ពីទទួលអនុសាសន៍ណែនាំ ពីក្រុមអ្នកជំនាញអាដហុក របស់អាយស៊ីស៊ី-អង្គរ នៅពេលទស្សនកិច្ចរបស់អ្នកជំនាញ នៅប្រាសាទបន្ទាយស្រី និងសេចក្តីណែនាំជាលាយលក្មអក្សរ កាលពីថ្ងៃទី៤-៥ ខែមិថុនា ឆ្នាំ២០១៥កន្លងមក នាយកដ្ឋានបានផ្តើមកិច្ចការបន្ទាន់ ដែលទាក់ទងនឹងអនុសាសន៍ខាងលើ គឺគម្រោងទី១ ជួសជុលច្រកចូលខាងជើងនៃខ្លោងទ្វារ ខាងកើតក្នុងកំពែងទី៣ មុននឹងបិទច្រកចូលកណ្តាល ដើម្បីការពារសិលាចារឹកសងខាងមេទ្វារ ឯគម្រោងទី២ គឺលើកថ្មដែលធ្លាក់រាយប៉ាយ នៅកំពែងថ្មបាយក្រៀមជ្រុងនិរតីប្រមាណ៧ម៉ែត្រ។

នាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា បានអនុវត្តគម្រោងជួសជុលនេះ ក្រោមថវិកាចំណាយទាំងស្រុងពីអាជ្ញាធរអប្សរា សម្រាប់ការជួសជុលចំនួនពីរ កន្លែងត្រង់រចនាសម្ព័ន្ធប្រាសាទដែលខូចខាត ដោយប្រើរយ:ពេលនៃការជួសជុលចំនួន៥ខែ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ ២០១៦ខាងមុខ។

លោក សារ៉ាយ គឹមហួល ជាបុរាណវិទូ បានដឹកនាំដំណើរ នៃការជួសជុលដោយផ្អែកលើបច្ចេកទេស និងបទពិសោធន៍លើការងារ ជួសជុលប្រាសាទកន្លងមក នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ លោកបានបញ្ជាក់ថា មូលហេតុនៃការទ្រុឌទ្រោមរចនាសម្ព័ន្ធរបស់ខ្លោងទ្វារ និងភាគខ្លះនៃកំពែងប្រាសាទ គឺបណ្តាលមកពីកត្តាធម្មជាតិ គួបផ្សំនឹងអាយុកាលដ៏យូរលង់នៃសំណង់នេះ ពោលគឺមួយភាគនៃសំណង់រង ការបំផ្លាញដោយការរលំបាក់នៃដើមឈើ ពិសេសគឺប្ញសនៃដើមឈើធំៗ បានចាក់បំប៉ើងគ្រឹះបណ្តាលឲ្យមានការស្រុត ទ្រេតនិងប្រេះចេញពីទម្រង់ដើម។

គម្រោងជួសជុលពង្រឹងរចនាសម្ព័ន្ធខ្លោងទ្វារ និងកំពែងថ្មបាយក្រៀម គឺអនុវត្តដោយផ្នែកៗត្រង់ចំណុចដែលមានការខូចខាត រងហានិភ័យខ្ពស់ដែលនឹងប៉ះពាល់ដល់សុវត្ថិភាពជុំវិញ។ រាល់បច្ចេកទេសនៃ គ្រប់ដំណាក់កាលនិមូយៗ ធ្វើឡើងដោយសន្សឹមៗ និងប្រុងប្រយ័ត្នដល់ការបែកបាក់ដុំថ្មប្រាសាទ កំឡុងពេលមានការរុះរើថ្ម និងពេលរំកិលថ្មចេញពីស្រទាប់ដើម ហើយបន្ទាប់ពីរុះរើថ្មអសុវត្ថិភាព មួយផ្នែកតូច នៃជញ្ជាំង នឹងគ្រោងពង្រឹងគ្រឹះដែលរងការស្រុត ឲ្យមានភាពរឹងមាំឡើងវិញ ចំណែកថ្មដែលបានរុះរើកន្លងមក គឺតម្រូវការចាំបាច់ក្នុងការជួសជុល នឹងរៀបបញ្ចូលនៅទីតាំង ដើមស្របតាមកម្រិតកម្ពស់ ដែលបុរាណបានកំណត់។

ដូច្នេះរាល់បច្ចេកទេស នៃការជួសជុលទាំងអម្បាលមាណ គឺអ្នកជំនាញបានតោងគោរព ខ្ជាប់ខ្ជួននូវការរក្សាទម្រង់ដើម របស់សំណង់ដោយគិតអំពី ការប្រើប្រាស់បច្ចេកទេស បុរាណឡើងវិញ រួមទាំងសម្ភារ:និងប្រវត្តិ នៃសំណង់ជាដើម។ ហេតុនេះហើយ គ្រប់ដំណើរនៃការចល័តនិងរុះរើថ្ម គឺធ្វើឡើងដោយប្រុងប្រយ័ត្ននូវរាល់ ការបែកបាក់ថ្មដោយ ប្រការណាមួយ ព្រមទាំងពិនិត្យល្អិតល្អន់ លើស្លាកស្នាមបុរាណវិទ្យា ទាំងឡាយ ដែលស្ថាបត្យករជំនាន់ដើម បានកំណត់និងសាងសង់ ដើម្បីជាអំណាងក្នុងការបន្តជួសជុល តាមទម្រង់ដើម។

អ្នកជំនាញបុរាណវិទ្យារូបនេះរៀបរាប់ថា តាមពិតទៅ រចនាសម្ព័ន្ធជាច្រើនទៀត នៃប្រាសាទដ៏ចំណាស់ ដែលមានអាយុកាលតាំងពី សតវត្សទី១០មកនេះ មានការទ្រុឌទ្រោមច្រើន តែការជួសជុល គឺធ្វើឡើងទៅលើចំណុច ដែលមានហានិភ័យខ្ពស់ជាអាទិភាព។

ប្រាសាទបន្ទាយស្រី មានឈ្មោះដើមថា ឦស្វរបុរៈ សាងសង់ឡើងក្នុងឆ្នាំ៩៦៧នៃគស ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៥។ ប្រាសាទនេះ ត្រូវបានរកឃើញនិងធ្វើការអភិរក្សឡើងវិញ ដោយបារាំងតាំងពី ឆ្នាំ១៩១៦។ ចាប់ពីឆ្នាំ១៩២៤មក សាលាបារាំងចុងបូព៌ា (EFEO) បានធ្វើការត្រួសត្រាយព្រៃ និងចាប់ផ្តើមធ្វើការសិក្សាស្រាវជ្រាវជាបន្តបន្ទាប់។ នៅឆ្នាំ១៩៣១-១៩៣៦ ការជួសជុលទ្រង់ទ្រាយធំ តាមបច្ចេកទេសអាណាស្ទីឡូ ក៏បានចាប់ផ្តើមឡើង ដែលដឹកនាំដោយលោក Henry Marchal ដោយយកលំនាំតាមការជួសជុលប្រាសាទខាងត្បូងនៃ Prambanan នៅផ្នែកកណ្តាលកោះជ្វារនៃប្រទេសឥណ្ឌូណេស៊ី។ ការជួសជុលពេលនោះ គឺធ្វើឡើងទៅលើប្រាសាទកណ្តាល និងរចនាសម្ព័ន្ធខ្លះៗ តែនៅមានរចនាសម្ព័ន្ធជាច្រើនទៀត ដែលមិនទាន់បានជួសជុល ហើយទាមទារការអភិរក្សជួសជុលជាបន្តទៀត៕