(កណ្តាល)៖ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល លោក សំម ឫទ្ធីវាសនា បានចេញដីកាកោះហៅនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល លោក វិត ធារិទ្ធ ចូលខ្លួនទៅបំភ្លឺនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ ពាក់ព័ន្ធករណីសំណុំរឿងរំលោភលើសេចក្តីទុកចិត្ត ដែលប្រព្រឹត្តនៅក្នុងភូមិព្រែកខ្សេវ ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។

យោងតាមដីកាកោះរបស់តំណាងអយ្យការនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃនេះបានបញ្ជាក់ថា លោក វិត ធារិទ្ធ ត្រូវចូលទៅបំភ្លឺ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី១៨ ខែតុលា ពាក់ព័ន្ធនឹងរឿងព្រហ្មទណ្ឌ គឺរំលោភលើសេចក្តីទុកចិត្ត។

មន្រ្តីសាលាដំបូងខេត្តកណ្តាល បានឲ្យដឹងថា លោក វិត ធារិទ្ធ ធ្លាប់មានទំនាសដីធ្លីជាមួយប្រជាពលរដ្ឋនៅភូមិព្រែកខ្សេវ ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល រហូតដល់អាជ្ញាធរបង្កើតគណៈកម្មការចម្រុះចុះទៅពិនិត្យដីទំនាស់នេះកាលពីរសៀលថ្ងៃទី១ខែតុលា ឆ្នាំ២០១៦ នៅចំណុចបឹងអួក ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។

កាលពីពេលកន្លងទៅ ប្រជាពលរដ្ឋចំនួន៣ឃុំ គឺឃុំស្អាងភ្នំ ឃុំព្រែកគយ និងឃុំរការខ្ពស់ បានលើកគ្នាទៅតវ៉ានៅបរិវេណបឹងអួកដោយនិយាយថា លោក វិត ធារិទ្ធ បានរំលោភយកដីបឹងធម្មជាតិ ដែលជាបឹងបុរាណរបស់ពួកគាត់ធ្លាប់ប្រើប្រាស់ តាំងពីដើមមកជំនាន់ដូនតារបស់ពួកគាត់ជាលក្ខណៈគ្រួសារ ក្នុងការប្រកបរបរនេសាទ ទាញយកទឹកស្រោចស្រពស្រូវប្រាំង ឬផលដំណាំនានានៅរដូវប្រាំងកាប់អុសជាដើម។

ពលរដ្ឋបានចោទលោក វិត ធារិទ្ធ បានទន្ទ្រានពង្រីកកសិដ្ឋានចិញ្ចឹមត្រីបន្តិចម្តងៗ ធ្វើឲ្យដីបឹងរួមតូចៗទៅ ពីជាង១០ហិកតាមកនៅប្រហែលជា៧ទៅ៨ហិកតាប៉ុណ្ណោះ មិនត្រឹមតែប៉ុណ្ណោះទេ នៅរដូវប្រាំងក៏ដូចរដូវវស្សាដែរ បឹងនេះគោកមិនមានទឹកប្រើប្រាស់នោះទេ ព្រោះតែលោក វិត ធារិទ្ធិ បានលើកទំនប់បិតផ្លូវទឹកចូលរួចផងដែរ។ យ៉ាងណាក៏ដោយ សម្រាប់ការចោទប្រកាន់ខាងលើនេះ ត្រូវបានលោក វិត ធារិទ្ធ ធ្លាប់បានច្រានចោល និងបដិសេធផងដែរ៕