(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦នេះ បានជំរុញឲ្យក្រុមហ៊ុនទទួលម៉ៅការប្រមូលសំរាម ត្រូវសហការបង្កើនសេវាប្រមូលសំរាម ឲ្យបានឆាប់រហ័ស ជៀសវាងការកកស្ទះ ដែលនាំឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងបាត់បង់ហេដ្ឋានរចនាសម្ព័ន្ធ ដែលមាននៅក្នុងក្រុង ហើយប្រជាពលរដ្ឋត្រូវមានការចូលរួមទាំងអស់គ្នា ទើបបរិស្ថានស្អាត។

ការជំរុញបែបនេះ ធ្វើឡើងក្នុងឱកាសលោកអភិបាលខេត្ត ដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងដោះស្រាយក្តីកង្វល់ដោយផ្ទាល់ ជូនបងប្អូនអាជីវករផ្សារពោធិ៍សាត់ ជាពិសេសពិនិត្យទៅលើការស្ថាបនាដំបូលផ្សារ ដែលបានសង់រួច និងដំបូលផ្សារខាងមុខប៉ែកខាងជើង តាមសំណូមពរបន្តជាជំហ៊ាន។

លោក ម៉ៅ ធនិន បានឲ្យដឹងថា ការចុះមកនាពេលនេះ គឺដើម្បីត្រួតពិនិត្យការអនុវត្តយន្តការ ដែលបានដាក់ចេញកន្លងមក លើការលើកកម្ពស់ថែទាំអនាម័យ បរិស្ថាន ការរក្សាសន្តិសុខ សុវត្ថិភាព ជូនបងប្អូនអាជីករ ដែលកំពុងលក់ដូរក្នុងផ្សារ ជាពិសេសសម្រួលលើកការលើកស្ទួយជីវភាព របស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ សំដៅរួមចំណែកអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

លោកបានឲ្យដឹងទៀតថា ក្នុងនាមជាអភិបាលខេត្ត លោកបានដាក់វិធានការ ឲ្យក្រុមហ៊ុនទទួលម៉ៅការប្រមូលសម្រាម និងក្រុមហ៊ុនទទួលម៉ៅការភាស៊ីផ្សារ ត្រូវសហការបង្កើនសេវាប្រមូលសម្រាម ឲ្យបានឆាប់រហ័ស ជៀសវាងកកស្ទះ ដែលនាំឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងបាត់បង់ហេដ្ឋានរចនាសម្ព័ន្ធ​ ដែលមាននៅក្នុងក្រុង។

ទន្ទឹមនឹងដំបូលប៉ែកខាងលិច បានស្ថាបនារួចរាល់ហើយ លោកបានចាត់ឲ្យជំនាញចុះស្រង់ស្ថិតិ និងផ្តិតមេដៃ ស្ថាបនាដំបូលផ្សារខាងមុខប៉ែកខាងជើងបន្តជាជំហានៗ ជាមួយគ្នានោះ លោកបានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវទៅចុះឈ្មោះបោះឆ្នោតសារជាថ្មីឲ្យបានគ្រប់ៗគ្នា ដើម្បីមានសិទ្ធិចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ក៏ដូចជាបោះឆ្នោតផ្សេងៗទៀត ដោយចាប់ផ្តើមពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ខាងមុខ គិតមកដល់ពេលនេះដំណើរការបាន ៣៤ថ្ងៃហើយ។

សូមបញ្ជាក់ថា កន្លងមកសម្តេចតេជោ ហ៊ុន សែន បានជួយសាងសង់ផ្សារជាច្រើន ជូនដល់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត ជាក់ស្តែងផ្សារខេត្តពោធិ៍សាត់នេះតែម្តង គឺជាផ្សាររបស់សម្តេច ហើយបងប្អូនអាចលក់ដូរអស់មួយជីវិត តកូនតចៅ និងអាចយកទៅបញ្ចាំ ឬដាក់តម្កល់នៅមីក្រូហិរញ្ញវត្ថុ ដើម្បីយកថវិកាមកបង្កើនអាជីវកម្ម ក្នុងគោលបំណងបង្កើនសេដ្ឋកិច្ចគ្រួសារបាន៕