(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអះអាងថា កម្ពុជា និងអង់គ្លេស នឹងត្រូវចរចាគ្នាម្តងទៀត អំពីការនាំទំនិញកម្ពុជា ចូលទៅប្រទេសអង់គ្លេស ថាតើត្រូវធ្វើឡើងក្រោមរបបពាណិជ្ជកម្មអឺរ៉ុបទៀត ឬយ៉ាងណា។ 

(សូមស្តាប់ប្រសាសន៍របស់សម្តេច ហ៊ុន សែន)៖

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យ នីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦នេះ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នៅអំឡុងខែតុលានេះ បេសកជនអង់គ្លេស នឹងមកទស្សនកិច្ចនៅកម្ពុជា ហើយអំឡុងពេលទស្សនកិច្ចនោះ កម្ពុជា-អង់គ្លេស នឹងមានកិច្ចពិភាក្សាអំពីពាណិជ្ជកម្មនៃប្រទេសទាំងពីរ។

សម្តេចបានថ្លែងយ៉ាងដូច្នេះថា «ក្នុងខែ១០នេះដែរ ខ្ញុំត្រូវជួបជាមួយបេសកកជនអង់គ្លេស មកកម្ពុជាដែលកម្ពុជាត្រូវចរចាឡើងវិញ ជាមួយនឹងអង់គ្លេសតែម្តង។ កាលមុននេះយើងនាំចេញទៅអង់គ្លេស ៨៨២លានដុល្លារ ប៉ុន្តែនាំក្រោមរបបពាណិជ្ជកម្មអឺរ៉ុប ប៉ុន្តែឥឡូវយើងត្រូវចរចាជាមួយអង់គ្លេស តើយើងត្រូវនាំចេញទៅ អង់គ្លេសក្រោមរបបអឺរ៉ុបទៀតឬអត់? គាត់ផ្តល់ភាពអនុគ្រោះឱ្យយើង ដូចដែលគាត់នៅជាអឺរ៉ុបទៀតឬអត់?»

សូមបញ្ជាក់ថា កាលពីខែមិថុនា ឆ្នាំ២០១៦ នៅចក្រភពអង់គ្លេស បានធ្វើប្រជាមតិមួយ ដើម្បីសម្រេចលើការចាកចេញពីសហគមន៍អឺរ៉ុប ក្រោយពេលរួមរស់ជាមួយ គ្នាអស់រយៈពេល៤៣ឆ្នាំ។ ទីបំផុតលទ្ធផលនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ បានបង្ហាញថា ប្រជាជនអង់គ្លេសភាគច្រើនចង់ចាកចេញពីអឺរ៉ុប៕