(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក ម៉ន វុធី អធិការរងខណ្ឌ ក្រោមការបញ្ជាផ្ទាល់ពីលោក យឹម សារ៉ាន់ អធិការខណ្ឌ បានឃាត់ខ្លួនជនសង្ស័យមេក្លោង ជួញដូរគ្រឿងញៀន៣នាក់ ដកហូតបានថ្នាំ១១កញ្ចប់ និងរថយន្ដកូរ៉េដឹកកម្មករ១គ្រឿង ម៉ូតូ១គ្រឿងនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦នេះ នៅត្រង់ចំណុចដីឡូ ខាងក្រោយវត្តអង្គត្រគៀត ស្ថិតក្នុងភូមិកន្ទោកត្បូង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។

លោក ម៉ន វុធី អធិការង បានឱ្យដឹងថា ជនសង្ស័យជាមេចែកចាយនោះ ឈ្មោះ ឡាង រស្មី អាយុ៤១ឆ្នាំ ទី២-ឈ្មោះ ជឹ​ម រ៉ា អាយុ២៥ឆ្នាំ និងទី៣-ឈ្មោះ ធា រី អាយុ២៩ឆ្នាំ ជាអ្នកបើករថយន្ដដឹកកម្មកររោងចក្រ ដោយក្នុងនោះ នគរបាលដកហូតបាន ថ្នាំញៀន១១កញ្ចប់ និងម៉ូតូ១គ្រឿង ម៉ាក Honda C125  ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខកំពត 1C-9423 ព្រមទាំងរថយន្ដមួយគ្រឿងផងដែរ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងនគរបាលជំនាញនាំខ្លួនទៅសាកសួរ ដើម្បីកសាងសុំរឿងចាត់ការបន្ដ៕