(ហាណូយ)៖ នាយកដ្ឋានគ្រប់គ្រង និងការពារគ្រោះមហន្តរាយធម្មជាតិវៀតណាម បានអំពាវនាវឲ្យ ប្រជាជនរស់នៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងកើតទាំងអស់ ធ្វើការប្រុងប្រៀបខ្លួន ទប់ទល់នឹង ព្យុះត្រូពិក Aere ដែលនឹងវាយប្រហារប្រទេសអាស៊ានមួយនេះ នៅរយៈពេលពីរថ្ងៃទៀត។ នេះបើតាម ការចេញផ្សាយនៅមុននេះបន្តិច ដោយស៊ិនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែតុលា ឆ្នាំ២០១៦។

បណ្តាខេត្តដូចជា Quang Ninh ភាគខាងជើង ទៅដល់ខេត្ត Khanh Hao ភាគកណ្តាល ត្រូវបាន អាជ្ញាធរវៀតណាម យកចិត្តទុកខ្លាំង ដោយក្រសួងពាក់ព័ន្ធនានា បានតាមដានកម្លាំងព្យុះយ៉ាងដិតដល់ បំផុត ខណៈដែល Aere នឹងមកដល់វៀតណាម នៅរយៈពេល ៤៨ម៉ោងទៀតប៉ុណ្ណោះ។ ប្រជាជនទាំង អស់ត្រូវបានអំពាវនាវឲ្យស្នាក់នៅក្នុងផ្ទះ ឬទីជម្រកសុវត្ថិភាព ដោយមិនត្រូវធ្វើដំណើរទៅកាន់តំបន់ គ្រោះថ្នាក់នានា ដូចដែលក្រសួងបានប្រកាសនោះឡើយ។

គួរបញ្ជាក់ថា ខ្យល់ព្យុះ Aere ដែលអាចចាត់ចូលជាលំដាប់ព្យុះទីហ្វុងដែរនេះ ត្រូវបានគេរំពឹងថា នឹងនៅ តែខ្លាំងក្លាដដែល នៅពេលដែលវាធ្វើដំណើរឆ្លងកាត់សមុទ្រចិនខាងត្បូង មកវាយប្រហារសង្គ្រប់លើ ប្រទេសវៀតណាម។ Aere គឺជាព្យុះកំណាចទី ០៦ហើយ ដែលមកវាយប្រហារវៀតណាមក្នុងឆ្នាំនេះ ហើយអាជ្ញាធរព្យាករណ៍ថា វានឹងបង្កជាទឹកជំនន់ និង ការបាក់ដីផងដែរ។ ដោយឡែកព្យុះកាលពី ០៥ លើកមុន បានឆក់យកជីវិតមនុស្ស ១២៥នាក់, ២២៦នាក់រងរបួស, និង ខាតបង់សេដ្ឋកិច្ចសរុបជា ទឹកប្រាក់ ១០.៦ពាន់ពាន់លានដុង (៤៧០លានដុល្លារអាមេរិក) ក្នុងរយៈ ៩ខែដំបូងនៃឆ្នាំ២០១៦៕