(ន័រវេស)៖ នាយករដ្ឋមន្ត្រីន័រវេស លោកស្រី Erna Solberg ត្រូវបានកាមេរ៉ាសុវត្ថិភាពថតជាប់ សកម្មភាពលោកស្រីកំពុងលេងហ្គេម Pokemon Go នៅលើទូរស័ព្ទដៃ​ នៅអំឡុងពេល នៃកិច្ចប្រជុំដេញដោលនៅក្នុង សភានៅថ្ងៃអង្គារ ដែលនេះមិនមែនជាលើកទីមួយឡើយ ដែលលោកស្រី លេងហ្គេមដ៏មានប្រជាប្រិយភាព នេះនៅក្នុងសភា។ នេះបើយោងតាមការចេញផ្សាយដោយ​កាសែត The Independent នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែតុលា ឆ្នាំ២០១៦។

ប្រភពដដែលឱ្យដឹងទៀតថាលោកស្រី Erna Solberg បានលេងហ្គេម  Pokemon Go​ ខណៈដែល ប្រធានគណបក្ស Norway's Liberal party លោក​ស្រី Trine Skei Grande កំពុងថ្លែងសារទៅកាន់ អង្គសភា។ លោកស្រី Grande ដែលធ្លាប់លេងហ្គេម Pokemon Go នៅក្នុងកិច្ច ប្រជុំសភា កាលពីខែសីហាកន្លងទៅ បាននិយាយបែបចំអកនៅលើ​ Twitter របស់ខ្លួនថា «គាត់ស្ដាប់លឺអ្វីដែលខ្ញុំ បាននិយាយ, តើអ្នកដឹងទេថា ស្ត្រីពិតជាអាចធ្វើការងារពីរក្នុងពេលតែមួយបាន»

គួររំលឹកថា បើតាមកាសែតអង់គ្លេស The Guardian លោកស្រី Erna Solberg គឺជាអ្នកងប់នឹង Pokemon Go ម្នាក់ តួយ៉ាងលោកស្រីបានលេងហ្គេមមួយនេះ នៅពេលធ្វើដំណើរកម្សាន្ត ផ្លូវការមួយនៅឯប្រទេសស្លូវ៉ាក។ ហ្គេម Pokemon Go ត្រូវបានប្រទេស ឬតំបន់ជាច្រើនលើលោក ហាមឃាត់ ដោយសារតែភាពគ្រោះថ្នាក់នៃហ្គេមប្រភេទផ្សងព្រេង និងធ្វើឲ្យមនុស្សគ្រប់គ្រងខ្លួនឯង មិនបាន ហើយដើរចូលទៅកាន់កន្លែងគ្រោះថ្នាក់ជាដើម៕