(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអំពាវនាវ ដល់ម្ចាស់ជំនួយទាំងអស់ បន្តជួយដល់ជនពិការ តាមរយៈវិស័យស្តារលទ្ធភាពពលកម្ម ក្នុងមានជាដៃគូជាមួយ ក្រសួងសង្គមកិច្ច ដើម្បីលើកកំពស់វិស័យស្តារលទ្ធភាពពលកម្ម ឲ្យកាន់តែប្រសើរឡើង។

ក្រៅពីការអំពាវនាវនេះ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ក៏បានថ្លែងអំណរគុណដល់ម្ចាស់ជំនួយ និងអង្គការទាំងអស់ ដែលបានឧបត្ថម្ភដល់ជនពិការ តាមរយៈវិស័យស្តារលទ្ធភាពផងដែរ។

លោករដ្ឋមន្រ្តី បានលើកឡើងបែបនេះ ខណៈលោកចូលរួម នៅក្នុងពិធីប្រគល់សញ្ញាប័ត្រ ជូនដល់និស្សិត ដែលបានបញ្ចប់ការសិក្សាផ្នែកសង្គមកិច្ចវិទ្យា វិស្វកម្មឧបករណ៍សិប្បនិម្មិត និងរណបជំនាន់ទី១ នៃវិទ្យាស្ថានជាតិសង្គមកិច្ចក្រោមការសហការជាមួយអង្គការ អ៊ិកស៊ីដវើលវ៉ាយ (Exceed Worldwide) អតីតអង្គការកម្ពុជាត្រាស នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦នេះ។

ក្នុងពិធីនេះ មានការចូលរួមពីលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច លោក សាណែត វឌ្ឍនា នាយកវិទ្យាស្ថានជាតិសង្គមកិច្ច និងលោក ខាសុនហាត នាយកប្រតិបត្តិរបស់អង្គការ អ៊ិកស៊ីដវើលវ៉ាយ (Exceed Worldwide) រួមនឹង មន្រ្តីរាជការក្រសួងសង្គមកិច្ចជាច្រើននាក់ទៀត។

លោក វង សូត បានសម្តែងការអបអរសាទរ ជាមួយនិស្សិតជ័យលាភី ដែលបានទទួលសញ្ញាប័ត្រ បរិញ្ញាប័ត្រជំនាញសង្គមកិច្ចវិទ្យា និងជំនាញវិស្វកម្មឧបករណ៍សិប្បនិម្មិត និងរណបចំនួន៣៣នាក់ ក្នុងនោះ មានស្រី ១៦នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ស្របតាមកម្មវិធីសិក្សា ដូចដែលបានកំណត់ នាពេលកន្លងមក។

លោកបានបន្ថែមឲ្យដឹងថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹង ជំរុញសកម្មភាពបណ្តុះបណ្តាល បង្កើនការជ្រើសរើសនិស្សិតឲ្យចូលមកសិក្សានិង អភិវឌ្ឍន៍កម្មវិធីសិក្សា ដើម្បីឆ្លើយតប ទៅនឹង តម្រូវរបស់ស្ថាប័នជាតិ និងទីផ្សារការងារ។

រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានស្នើឲ្យវិទ្យាស្ថាន ត្រូវពិនិត្យតម្រង់ការអប់រំ បណ្តុះបណ្តាល ឲ្យស្របតាមក្របខណ្ឌ ដែលបានកំពុងតែដាក់ឲ្យប្រើប្រាស់។

លោក វង សូត បានសូមអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិនានា ដែលរួមមាន អង្គការកស៊ីដវើលវ៉ាយ(Exceed Worldwide) បន្តកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានជាតិ សង្គមកិច្ចជា បន្តទៀត ដើម្បីឲ្យកាន់តែមានការរីកចំរើនបន្ថែមទៀត៕