(ភ្នំពេញ)៖ លោក ជា ផល្លារិន អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ដែលធ្លាប់ជាសិស្សនៅក្នុងសាលាវិទ្យាល័យព្រះសីហនុ ខេត្តកំពង់ចាម បានដឹកនាំបុគ្គលិកអម្រឹតទាំងអស់ ឲ្យរៀបចំទិវាគ្រូបង្រៀន ពីរឆ្នាំជាប់គ្នាមកហើយ រាប់បញ្ចូលទាំងឆ្នាំនេះផងដែរ ដោយក្នុងឆ្នាំនេះ​អម្រិតបានប្រារព្ធទិវាគ្រូបង្រៀន​ក្រោមប្រធានបទ«បង្រៀនអ្នក ដើម្បីអ្នក» ក្នុងនោះអម្រឹតបានផ្ដល់នូវសម្ភារសិក្សា សម្ភារប្រើប្រាស់​ក្នុងការិយាល័យ និងតាមអគារទីធ្លាសាលា ក៏ដូចជាការងារជួសជុលផ្សេងៗ ដល់សាលារៀនជាច្រើនតាមបណ្ដាខេត្តក្រុងទូទាំងប្រទេស។

លោក ជា ផល្លារិន បានលើកឡើងថា«ខ្ញុំគិតថា ការចូលរួមរបស់អម្រឹតនេះ ថ្វីដ្បិតតែមិនមានរូបភាពធំ សម្រាប់ជួយទៅក្នុងវិស័យអប់រំក្តី ប៉ុន្តែ គឺយើងបានចូលរួមចំណែកខ្លះ ទាំងផ្នែកធនធានសម្ភារៈ និងស្មារតី ដល់លោកគ្រូអ្នកគ្រូ ក៏ដូចជា វិស័យអប់រំទាំងមូល ដើម្បីលើកកម្ពស់​នូវស្មារតី សីលធម៌ កត្តញ្ញូតាធម៌ ចំពោះលោកគ្រូអ្នកគ្រូ ដើម្បីជាមូលដ្ឋានមួយ ដើម្បីពង្រីកនូវសីលធម៌ សង្គម រវាងសិស្ស និងលោកគ្រូអ្នកគ្រូរបស់យើងទៅថ្ងៃខាងមុខ»

លោកគ្រូ ខៀវ ប៊ុនថាល់ រស់នៅភូមិទី៥ ឃុំវាលវង់ ហើយត្រូវធ្វើដំណើរប្រមាណជាមួយគីឡូម៉ែត្រដើម្បីទៅសាលារៀនវិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ហើយបច្ចុប្បន្ន គាត់មានអាយុ៥០ឆ្នាំហើយ​ បានបម្រើការងារជាគ្រូបង្រៀនអស់រយៈពេល២៧ឆ្នាំ ដោយក្នុងរយៈកាលជាច្រើនឆ្នាំមកនេះ គាត់បានបង្រៀនកូនសិស្សរាប់រយរាប់ពាន់នាក់ឯណោះ ដោយក្នុងនោះគាត់បានមើលឃើញថា កូនសិស្សរបស់គាត់ក្លាយជាគ្រូពេទ្យ វិស្វករ មន្ត្រីរាជការ និងបុគ្គលិកក្រុមហ៊ុនឯកជនជាច្រើនថែមទៀតផង ។

លោកគ្រូប៊ុនថាល់ បានលើកឡើងថា«អ្នកខ្ញុំបណ្ដុះបណ្ដាលហ្នឹងគឺអ្នកខ្លះអាចទៅធ្វើជា អភិបាលស្រុក វេជ្ជបណ្ឌិត វិស្វករ អ្នកជំនួញ ខាងធនាគារ…អ៊ីចឹង ខ្ញុំធ្វើគ្រូ បានត្រឹមតែគ្រូទេ ឥសី នៅតែឥសី អត់បានឡើងទៅទេ តែខ្ញុំមានមោទនភាពពេញចិត្តក្រៃលែង ដែលបានបណ្ដុះបណ្ដាលមនុស្សឲ្យទៅជាមនុស្សល្អ មានឋានៈខ្ពង់ខ្ពស់ រកស៊ីមានបាន បើខាងអាជីវករ អ្នកជំនួញអី គេរកស៊ីមានបាន ហើយខាងមន្ត្រីរាជការ គេមានឋានៈខ្ពង់ខ្ពស់ ខ្ញុំរំភើបណាស់»