(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញលិខិតមួយច្បាប់ បញ្ជាក់ឲ្យដឹងថា ការស្នើសុំទីតាំងសួនច្បារវត្តបុទុមវត្តី រៀបចំពិធីបុណ្យគម្រប់ខួប១០០ថ្ងៃនៃការស្លាប់ លោក កែម ឡីដែលគ្រោងនឹងរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ខាងមុខនេះ គឺមិនត្រូវបានអនុញ្ញានោះឡើយ។

លិខិតដដែលបានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ នឹងពិភាក្សាជាមួយក្រុមគ្រួសារសព លោក កែម ឡី វិញថា នឹងត្រូវរៀបចំនៅគេហដ្ឋាន ឬកន្លែងបញ្ចុះសពនៅខេត្តតាកែវ ឬយ៉ាងណា ពីព្រោះថា ការរៀបចំនៅមុខសួនវត្តបុទុមវត្តី ហាក់ដូចជា មិនសមនឹងប្រពៃណីទំនៀបទំលាប់បែបសាសនាឡើយ។

ការបញ្ជាក់នេះបានធ្វើឡើងក្រោយពី លោក ប៉ា ងួនទៀង ប្រធានគណៈកម្មការរៀបចំបុណ្យសព លោក កែម ឡី បានដាក់លិខិតស្នើសុំពីរដ្ឋបាលរាជធានីភ្នំពេញ យកទីតាំងសួនច្បារវត្តបុទុមវត្តីជាកន្លែងរៀបចំពិធីបុណ្យគម្រប់ខួប ១០០ថ្ងៃនៃការស្លាប់ លោក កែម ឡី។

គួរបញ្ជាក់ថា លោកបណ្ឌិត កែម ឡី អ្នកវិភាគឯករាជ្យ ត្រូវបានឃាតកចូលបាញ់សម្លាប់ ខណៈលោកអង្គុយទទួលទានកាហ្វេ នៅក្នុងស្តាម៉ាត នៃស្ថានីយ៍សាំងកាលតិចស្តុបបូកគោ កាលពីម៉ោង៨៖៥០នាទីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦៕