(មូស្គូ)៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានថ្លែងនៅថ្ងៃពុធនេះថា ប្រទេសរុស្ស៊ី មិនបានមានបំណងទៅប្រកួតប្រជែង យកឈ្នះចាញ់ជាមួយនឹងសហរដ្ឋអាមេរិក លើតួនាទីជាអ្នកដឹកនាំកិច្ចចរចា ពាក់ព័ន្ធនឹងបញ្ហានៅក្នុងប្រទេសស៊ីរីនោះឡើយ។ នេះបើតាមការ ចេញផ្សាយ នៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នារសៀលថ្ងៃពុធ ទី០៥ ខែកញ្ញា ឆ្នាំ២០១៦។

លោកស្រី Maria Zakharova បានគូសបញ្ជាក់យ៉ាងដូច្នេះថា «វាមិនមែនជាល្បែងនៃការប្រកួតប្រជែង រកអ្នកខ្លាំងជាងនិងឆ្លាតជាងនោះឡើយ ប៉ុន្តែវាគឺជាការប៉ុនប៉ងដោយស្មោះត្រង់ នៅក្នុងរយៈពេល មួយឆ្នាំកន្លងមកនេះ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិភាពមួយ សម្រាប់បញ្ហានៅក្នុងប្រទេស ស៊ីរី»។ លោកស្រី Zakharova បានបន្ថែមទៀតថា ឥឡូវនេះវាបង្ហាញច្បាស់ណាស់ថា សហរដ្ឋអាមេរិក មិនមានបំណងចង់រកដំណោះស្រាយលើបញ្ហាស៊ីរី ដែលបានក្លាយជាប្រធានបទដ៏សំខាន់ នៅរាល់ជំនួប ពិភាក្សារវាងប្រទេសទាំងពីរ ដោយអាមេរិកបានបរាជ័យក្នុងការអនុវត្តន៍ និងគោរពតាមកិច្ចព្រៀមព្រៀង រវាងភាគីទាំងពីរ។

គួរបញ្ជាក់ដែរថា នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ក្រសួងការបរទេសអាមេរិកបាននិយាយថា ទីក្រុង វ៉ាស៊ីនតោន បានសម្រេចចិត្តផ្អាកកិច្ចចរចាស្តីពីបទឈប់បាញ់នៅស៊ីរី ជាមួយនឹងប្រទេសរុស្ស៊ី ដោយចោទរុស្ស៊ីថា បានទម្លាក់គ្រាប់បែកទៅលើមន្ទីរពេទ្យមួយចំនួន៕