(ភ្នំពេញ​)៖ កញ្ញា​ ខុម​ ចាន់​តារាទី​ ហៅ​ស្រី​មុំ​ ដែល​គេ​ស្គាល់​ថា​ជា​ស្រី​កំណាន់ ​របស់​លោក ​កឹម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ព្រឹក​ថ្ងៃ​ទី​៥​ ខែ​តុលា​ បាន​ចូល​ខ្លួន​មក​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ផ្ដល់​ចម្លើយ​ក្នុង​សំណុំ​រឿង ​សូកប៉ាន់​សាក្សី​ ដែល​មាន​ជនត្រូវចោទ​ជា​មន្ត្រី​អាដហុក ​៤រូប​និង​អគ្គ​លេខាធិការ​រង ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ ការ​បោះ​ឆ្នោត​មួយ​រូប​ ។

លោក​ លី​ សុផាណា​ អ្នក​នាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​បញ្ជាក់​តាម​បណ្ដាញ​សង្គម​ Telegram កាលពី​រសៀល​ថ្ងៃ​ទី​៥​ ខែ​តុលា​ ថា​ លោក ធាម ច័ន្ទ​ពិសិដ្ឋ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​បានស្តាប់ចម្លើយកញ្ញា ខុម ចាន់​តារាទី ជាសាក្សី នៅក្នុងរឿងសូកប៉ាន់សាក្សី ដែលចោទប្រកាន់ទៅលើមន្រ្តីអាដហុក៤រូប ។

ទោះបី​យ៉ាងណា​ លទ្ធផល​នៃ​ការ​សាកសួរ​នេះ​ពុំ​ត្រូវ​បាន​លោក​ លី​ សុផាណា​ បញ្ជាក់​ឲ្យ​ដឹង​នោះ​ទេ​ ដោយ​លោក​ថ្លែង​ថា​ ចៅក្រមស៊ើបសួរ នឹងបន្តការ​ស៊ើបសួរលើរឿងក្តីនេះ។

ជនត្រូវចោទទាំង៥រូប ត្រូវបានតុលាការចោទប្រកាន់ពីបទ សូកប៉ាន់សាក្សី និង សមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ពាក់ព័ន្ធសំណុំរឿង អាស្រូវផ្លូវភេទរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងនាង ខុម ចាន់តារាទី ហៅស្រីមុំ៕