(ក្រចេះ)៖ កម្លាំងនគរបាលក្រុងក្រចេះ បើកប្រត្តិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ នៅយប់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ នៅចំណុចហាងលក់សាច់អាំងយីហោ «ហាក់ដាវី» ស្ថិតនៅភូមិអូរឬស្សី១ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ។

នគរបាលក្រុងក្រចេះ បានឲ្យដឹងថា ជំហ៊ានដំបូងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ គ្រី ភារិន ហៅភាព ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ មិនពិតប្រាកដរស់នៅ ភូមិស្រែស្ដៅ សង្កាត់អូរឬស្សី ក្រុងក្រចេះ ដកហូតបានវត្ថុតាងម្សៅក្រាមពណ៌ស ចំនួន២កញ្ចប់ថង់រំលែក គ្រឿងញៀនមួយចំនួន ទូរស័ព្ទចំនួន២គ្រឿង និងសម្ភារជក់មួយចំនួន។ ក្រោយពីសួរនាំជនសង្ស័យឈ្មោះ គ្រី ភារិន ហៅភាព នៅវេលា ម៉ោង២៣៖៣០នាទី ថ្ងៃ ខែ ឆ្នាំដដែល កម្លាំងអធិការនគរបាលក្រុងក្រចេះ ឈានទៅឃាត់ខ្លួនជនសង្ស័យ ជាប់ពាក់ពន្ធ័ករណីជួញដូរ សារធាតុញៀនម្នាក់ទៀតឈ្មោះ ឆន សំណាង ភេទប្រុសអាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅ ភូមិអូរឬស្សី២ សង្កាត់អូរឬស្សី ក្រុងក្រចេះ ដកហូតបានវត្ថុតាងម្សៅគ្រាមពណ៍ស ចំនួនពីកញ្ចប់និងទូរស័ព្ទចំនួន១គ្រឿង។

នគរបាលក្រុងបន្ដទៀតថា លុះដល់ព្រឹកថ្ងៃទី៥ ខែតុលា ដោយមានការឯកភាពពីលោក ធុច បញ្ចុះសន្តិភាពព្រះរាជអាជ្ញារងខេត្តសមត្ថកិច្ច បន្តការឆែកឆេលំនៅដ្ឋានរបស់ ឆន សំណាង ហើយដកហូតបានវត្ថុតាងបន្ថែមទៀត គឺម្សៅក្រាមពណ៌ស ចំនួនចំនួន៣កញ្ចប់ថ្នាំគ្រាប់ wy ពណ៌បៃតងចំនួន២គ្រាប់ ជញ្ជីងថ្លឹងគ្រឿងញៀន១ថង់ និងសម្ភារជក់មួយចំនួនដាវសាំម៉ូរ៉ៃ ចំនួន២កាំបិតបុ័ងតោចំនួន២ និងម៉ូតូចំនួន ១គ្រឿង។

បច្ចប្បន្នជនសង្ស័យទាំងពីរនាក់ រួមនិងវត្ថុតាងឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងក្រចេះ ដើម្បីកសាងសំណុំរឿង ទៅតុលាការ៕