(បន្ទាយមានជ័យ)៖ លោកវេជ្ជបណ្ឌិត​ ម៉ម​ ប៊ុនហេង​ រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦នេះ បានចុះទស្សនកិច្ចត្រួតពិនិត្យ​ និង​សួរសុខទុក្ខមន្ត្រី​ និង​ បុគ្គលិកសុខាភិបាល ដែលកំពុងបំពេញភារកិច្ច នៅកន្លែងត្រួតពិនិត្យចត្តាឡីសក័ នៅតាមច្រកព្រំដែនអន្តរជាតិ​ប៉ោយប៉ែត និង​ស្វែងយល់អំពីស្ថានភាព​ ត្រួតពិនិត្យចត្តាឡីសក័ នៅច្រកព្រំដែនអន្តរជាតិ ខាងប្រទេសថៃផងដែរ។

នៅក្នុងឱកាសទស្សនកិច្ចនេះ​ លោករដ្ឋមន្ត្រីបានសំដែងនូវការកោតសរសើរ​ និង​ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនដល់បងប្អូនជាមន្ត្រី​ និង​ បុគ្គលិកសុខាភិបាលទាំងអស់ ដែលកំពុងខិតខំបំពេញភារកិច្ចរបស់ខ្លួន យ៉ាងយកចិត្តទុកដាក់​ និង​មានភាពទទួលខុសត្រូវខ្ពស់​។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានសំណូមពរឲ្យបងប្អូនជាមន្ត្រី​ និង​បុគ្គលិកសុខាភិបាលទាំងអស់ ជាពិសេសមន្ត្រីបំរើការ នៅកន្លែងត្រួតពិនិត្យចត្តាឡីសក័ នៅតាមច្រកព្រំដែនអន្តរជាតិទាំងអស់​មេត្តាបន្តខិតខំប្រឹងប្រែងបំពេញការងារ របស់ខ្លួនបន្តទៀត ដើម្បីចូលរួមបង្ការនិងទប់ស្កាត់កុំឲ្យជំងឺ Zika  រាលដាលមកកម្ពុជា៕