(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពី នីតិវិធីក្នុងពេលប្រឡងជ្រើសរើសមន្រ្តី ឲ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ សម្រាប់ឆ្នាំ២០១៦ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី៩ តុលា ខាងមុខនេះ នៅមណ្ឌលវិទ្យាល័យក្រុងព្រះសីហនុ។

តាមសេចក្តីណែនាំ ក្រុមការងារបានបែងចែកភារកិច្ចទទួលខុសត្រូវ មានដូចជា៖ លោកស្នងការនគរបាលខេត្តព្រះសីហនុ ជាប្រធានមណ្ឌលប្រឡង, លោកស្នងការរងទទួលផែនធនធានមនុស្ស ជាអនុប្រធានមណ្ឌល និងមានក្រុមការងារផ្សេងៗទៀត ដូចជាក្រុមត្រួតពិនិត្យតាមអាគារ ក្រុមអនុរក្ស ក្រុមរៀបចំឯកសាររដ្ឋបាល ក្រុមទទួល និងវេចខ្ចប់ ក្រុមសុខាភិបាល និងក្រុមការពារសន្តិសុខ សរុបទាំងអស់ចំនួន ៨១នាក់។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានណែនាំឲ្យក្រុមការងារទាំងអស់ ត្រូវយកចិត្តទុកដាក់បំពេញភារកិច្ចរបស់ខ្លួនឲ្យបានល្អ ដោយស្មារតីទទួលខុសត្រូវខ្ពស់ផងដែរ៕