(សៀមរាប)៖ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦នេះ ក្រុមការងារសហគមន៍ទី៥ ប្រចាំស្រុកបន្ទាយស្រី ដឹកនាំដោយលោក ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា​ និងក្រុមការងារសហគមន៍ទី​៤ ប្រចាំក្រុងសៀមរាប ដឹកនាំដោយ លោក លឹម អួក តំណាងលោក ខូយ គឹមទួ ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា រួមជាមួយមន្ត្រីបុគ្គលិកជាច្រើនរូបទៀត បានចុះទៅពិនិត្យសំណើសុំសាងសង់ និងជួសជុលផ្ទះរបស់ប្រជាពលរដ្ឋ​ នៅភូមិតាកុះ ភូមិថ្នល់ទទឹង ភូមិអូរទទឹង និងភូមិប្រដាក ឃុំប្រដាក ស្រុកបន្ទាយស្រី និងនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

នៅក្នុងដំណើរចុះពិនិត្យសំណើសុំសាងសង់ និងជួសជុលផ្ទះរបស់ប្រជាពលរដ្ឋនេះដែរ ក្រុមការងារសហគមន៍ទាំងពីរក្រុម នៃអាជ្ញាធរជាតិអប្សរា បានសម្រេចឲ្យពួកគាត់សាងសង់សំណង់ និងជួសជុលផ្ទះនៅភូមិតាកុះ ភូមិថ្នល់ទទឹង ភូមិអូរទទឹង និងភូមិប្រដាក ឃុំប្រដាក ស្រុកបន្ទាយស្រី៥គ្រួសារ និងនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ៣គ្រួសារ។ ការអនុញ្ញាតនេះ ដោយយោងទៅលើពួកគាត់បានដាក់ពាក្យស្នើសុំ មកអាជ្ញាធរជាតិអប្សរាផង និងពួកគាត់ជាប្រជាជនចាស់ រស់នៅតំបន់ឧទ្យានអង្គរ តាំងពីដើមមកផង។

សកម្មភាពទាំងនេះ សបញ្ជាក់ឲ្យឃើញ ពីការយកចិត្តទុកដាក់យ៉ាងខ្ពស់ របស់ថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិក នៃអាជ្ញាធរជាតិអប្សរា ចំពោះសុខទុក្ខប្រជាពលរដ្ឋ នៅក្នុងតំបន់ឧទ្យានអង្គរ ដើម្បីបង្កើនភាពស្និទ្ធស្នាលនឹងគ្នា និងដើម្បីឲ្យពួកគាត់មានភាពកក់ក្តៅ ម្យ៉ាងទៀត សកម្មភាពនេះ ក៏អាចធ្វើឲ្យថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិករបស់អាជ្ញាធរជាតិអប្សរា បានដឹងពីបញ្ហារបស់ពួកគាត់បន្ថែមទៀត ហើយអាចនឹងជួយដោះស្រាយបញ្ហា ជូនពួកគាត់បានភ្លាមៗផងដែរ នៅនឹងកន្លែង៕