(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅ តាមមូលដ្ឋានខណ្ឌឬស្សីកែវ បានស្នើដល់អាជ្ញាធរជាពិសេសលោក ជា ពិសី ប្រធានគណៈបញ្ជាការឯកភាព ចុះបិទ និងបង្ក្រាបទីតាំងហ្គេម ដែលកំពុងបង្ហាញវត្តមាន​ជាច្រើនកន្លែងផង ពីព្រោះវាបានធ្វើឲ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បញ្ហាសន្តិសុខ ជាពិសេសក្រុមគ្រឿងញៀន មុខសញ្ញាចោរកម្ម និងប្លន់ជាដើម យកទីទាំងហ្គេមទាំងនេះលាក់ខ្លួន និងធ្វើសកម្មភាព។

ប្រជាពលរដ្ឋបានលើកឡើងថា បើសិនម្ចាស់ទីតាំងហ្គេមទាំងនោះ បើមិនបង់លុយជូនសមត្ថកិច្ច ឬអាជ្ញាធរមួយចំនួននោះ ស្មានតែអាចដំណើរការបានយ៉ាងដូច្នេះ។ ជាមួយគ្នានេះ ម្ចាស់ទីតាំងហ្គេមខ្លះ បានលួចបង្ហើបថា មួយខែៗត្រូវបង់ជូនលោក ម៉ៅ ចាន់ថុន នាយរងផ្នែកនគរបាលព្រហ្មទណ្ឌ ដែលត្រូវបានគេស្គាល់ថា ជាក្មួយរបស់លោកអធិការខណ្ឌឫស្សីកែវចំនួន២០០ដុល្លារ នេះសម្រាប់ទី​តាំង​ដែលមានទូហ្គេមតែមួយគ្រឿង។ បុរសជនជាតិវៀតណាម និងជាអ្នកមើលការខុសត្រូវ នៅទីតាំងហ្គេមតាមផ្លូវលូ ចុះពីផ្លូវជាតិលេខ៥ ទៅខាងកើតប្រហែល១០០ម៉ែត្រ ម្ដុំខ្ទមអ្នកតាក្បែរដើមពោធិ៍ ស្ថិតក្នុង​ភូមិ​ស្វាយ​ប៉ាក សង្កាត់ស្វាយប៉ាក និងមួយកន្លែងទៀតនៅខាងក្រោយ ប៉ុស្ដិ៍នគរបាលទួលសង្កែ បានខ្សឹបប្រាប់ថា គាត់ហ៊ានបើកបនល្បែងហ្គេមបាញ់ត្រីនេះ គឺបានការអនុញ្ញាតត្រឹមត្រូវ​ដោយបង់លុយ២០០ដុល្លារក្នុងមួយខែៗជូននគរបាលឈ្មោះ ម៉ៅ  ចាន់ថុន ព្រះនាមកោះកែវ 05B មានតួនាទីជា នាយរងផ្នែកនគរបាលព្រហ្មទណ្ឌខណ្ឌឫស្សីកែវ នេះមានត្រឹមទូហ្គេមបាញ់ត្រីតែមួយគ្រឿងប៉ុណ្ណោះ។

ជនជាតិវៀតណាមរូបនោះ បានបន្តថា «ការបង់ថវិកាប្រចាំខែចំនួន២០០ដុល្លារនេះ ត្រូវបានគេដាក់កម្រិតឲ្យបង់រៀងរាល់ដាច់ខែ ពោលគឺថ្ងៃទី១តែម្ដងប្រសិនបើដល់ថ្ងៃត្រូវបង់ ហើយបើមានការយឺត​យ៉ាវ​ដល់ថ្ងៃ៣ និងថ្ងៃ៤នោះ ទីតាំងហ្គេមបាញ់ត្រីច្បាស់ជា ត្រូវបង្ក្រាប ឫត្រូវបិតទ្វារចោលដោយមិនអនុញ្ញាតឲ្យបន្តអាជីវកម្មទៅទៀតឡើយនេះ។ សម្រាប់ទីតាំងបនល្បែងប្រភេទហ្គេមបាញ់ត្រីនេះ ត្រូវបានប្រជាពលរដ្ឋរស់នៅក្បែរនោះ បានលើកឡើងថា «បញ្ហាភូមិ-សង្កាត់មានសុវត្ថិភាពជាកត្តាសំខាន់ ក្នុងចំណោមគោលនយោបាយទាំង៩ចំណុច គឺបទល្មើសល្បែងស៊ីសងហ្គេមបាញ់ត្រីនេះឯង ដែលជាកត្តាគ្រោះថ្នាក់មួយ ដែលយើងចាប់អារម្មណ៍ជាងគេ និងអាចធ្វើ ឱ្យមនុស្សឈ្លក់វង្វេងភ្លេចការងារ ភ្លេចបាយភ្លេចទឹក ភ្លេចការសិក្សា និងកែប្រែពីការចាញ់ល្បែងទៅជាបទល្មើស លួច ឆក់ ប្លន់ជាដើម»។ ដូចនេះប្រជាពលរដ្ឋមានតែស្នើសុំកិច្ចអន្តរាគមន៍ពី នាយឧត្តមសេនីយ៍ លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ មានវិធានការជួយពិនិត្យលើបញ្ហាទាំងនេះផង។

ពាក់ព័ន្ធការចោទប្រកាន់នេះផងដែរភ្នាក់ងារ Fresh News បានទទួលការឆ្លើយតបពីលោក ម៉ៅ ចាន់ថុន តាមប្រព័ន្ធ WhatsApp ដោយធ្វើការបដិសេធ និងច្រានចោលទាំងស្រុង គឺមិនមែនជាការពិតនោះទេ៕