(ភ្នំពេញ)៖ លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខមាលភាពសង្គមនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ជាក់ឲ្យដឹងថា អាត្រាជនអនាថា នៅកម្ពុជា នឹងថយចុះ បន្ថែមទៀត បើមានការសហការរឹងមាំពីដៃគូពាក់ព័ន្ធ ប្រជាពលរដ្ឋ ជាពិសេសអ្នកសារព័ត៌មាន។

លោកថា វិស័យសារព័ត៌មាន គឺមានសារៈសំខាន់ណាស់ ក្នុងការសហការផ្សព្វផ្សាយឲ្យបានទូលំទូលាយពីព័ត៌មាន និងសកម្មភាពរបស់ ក្រសួងសង្គមកិច្ច រាជរដ្ឋាភិបាល ដៃគូពាក់ព័ន្ធ ដែល ចូលរួមទប់ស្កាត់ការកើនឡើងនៃជនអនាថា គ្មានទីពឹង ចំណាកស្រុក និងជនរងគ្រោះ ដោយសារតែមេរោគអេដស៍ ជំងឺអេដស៍។

លោក ឈួរ សុបញ្ញា បានប្រាប់អ្នកសារព័ត៌មាន នៅក្នុងវគ្គបណ្តុះបណ្តាលស្តីពីការ «គ្រប់គ្រងជនគ្មានទីពឹង ជនចំណាកស្រុក និងជនរងគ្រោះដោយសារមេរោគអេដស៍ ជំងឺអេដស៍» ដែល រៀបចំធ្វើនៅទីស្តីការក្រសួងសង្គមកិច្ច នាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦នេះ ។

វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពី លោក ឈាង បាក់ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមន្រ្តីរាជការនៃក្រសួង ដៃគូពាក់ព័ន្ធ និងអង្គការក្រៅ រាជរដ្ឋាភិបាលកម្ពុជា ប្រមាណជាជិត១០០នាក់។

ប្រធាននាយកដ្ឋានសុខមាលភាពសង្គមនៃក្រសួងសង្គមកិច្ចរូបនេះ បានបន្ថែមឲ្យដឹងថា គោលបំណងនៃការរៀបចំវគ្គបណ្តុះបណ្តាលនេះ គឺ ដើម្បីបំពាក់បំប៉នសមត្ថភាព បន្ថែមរបស់ មន្រ្តីរាជការ​នៅតាមបណ្តារាជធានី ខេត្ត ដែលមានតួនាទីដឹកនាំ និងទប់ស្កាត់ ជនគ្មានទីពឹង ជនចំណាកស្រុក និងជនរងគ្រោះដោយសារមេរោគអេដស៍ ជំងឺអេដស៍។

បន្ថែមពីលើនេះ ដោយសារតែក្រសួងសង្កេតឃើញថា ករណីនេះ ជាបញ្ហាប្រឈមនៅក្នុងសង្គមបច្ចុប្បន្ន និងជាបញ្ហារួមរបស់ប្រជាពលរដ្ឋ ដៃគូពាក់ព័ន្ធដែលត្រូវចូលរួមដោះស្រាយ ទាំងអស់គ្នា និងជាការចូលរួមរកដំសោះស្រាយលើបញ្ហាជនអនាថាឲ្យមានការកាត់បន្ថយ ទាំងនៅរាជធានី ភ្នំពេញ និងនៅតាមបណ្តាខេត្ត។

លោក ឈួរ សុបញ្ញាបន្តថា វគ្គបណ្តុះបណ្តាលខាងលើនេះ ក៏ជាការបើកផ្លូវឲ្យ អាជ្ញាធរ សមត្ថកិច្ចមានសមត្ថកិច្ច ដៃគូពាក់ព័ន្ធ​ទាំងអស់បានជួបពិភាក្សាគ្នា អង្គុយជជែកគ្នា រកហេតុផល និង ដំណោះស្រាយរកឲ្យឃើញ ពីបញ្ហាប្រឈម ដើម្បីលើកស្នើទៅរាជរដ្ឋាភិបាល ។យ៉ាងណាក៏ដោយ ទាំងរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសង្គមកិច្ចជាសេនាធិការ នឹងបន្តផែនការធ្វើយ៉ាងណា ឲ្យអាត្រានៃជនអនាថាគ្មានទី ពឹងនៅកម្ពុជា មានការថយចុះជាបន្តបន្ទាប់ទៀត។

បច្ចុប្បន្ននេះ ករណីជនអនាថា នៅកម្ពុជា មានការថយចុះជាបន្តបន្ទាប់ ក្រោយពីមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសង្គមកិច្ចជាសេនាធិការ និងដៃគូរពាក់ព័ន្ធសហការ។ហើយការថយ ចុះនៃជនអនថានៅកម្ពុជា នឹងធ្វើឲ្យប្រទេសដទៃទៀតមានការជឿជាក់មកលើកម្ពុជាមួយកំរិតទៀត ហើយ ក៏ជាមុខមាត់កម្ពុជា និងប្រជាពលរដ្ឋ ទាំងមូលផងដែរ៕