(តាកែវ)៖ បុរសចិត្តតិរច្ឆានល្មោភកាមម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅតុលាការ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦នេះ ពីបទរំលោភសេពសន្ថវៈ និងប្រទូស្តកេរ្តិ៍ ទៅលើកូនស្រីចុងរបស់ខ្លួន ក្រោយបានប្រព្រឹត្តអំពើថោកទាបនេះ អស់ជាច្រើនលើកច្រើនសារ រួចមក។

លោក ប៉ិច វណ្ណា អធិការរងនគរបាលស្រុកទ្រាំង បានបញ្ជាក់ថា ករណីបុរសជាឪពុករំលោភកូនចុងរបស់ខ្លួននេះ កើតឡើងចុងក្រោយ នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ នៅភូមិត្រពាំងពន្លុះ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ។

ជនសង្ស័យមានឈ្មោះ សិត អាយុ៤៩ឆ្នាំ បានចាប់ឱប និងបៀតបៀនកេរ្តិ៍ភេទ ទៅលើកូនស្រីចុងរបស់ខ្លួន ឈ្មោះ រ.ណ អាយុ១៩ឆ្នាំ ដែលជនសង្ស័យ និងជនរងគ្រោះរស់នៅភូមិឃុំកើតហេតុខាងលើជាមួយគ្នា។

តាមសម្តីរបស់នារីរងគ្រោះ បាននិយាយប្រាប់សមត្ថកិច្ចថា នៅថ្ងៃកើតហេតុខាងលើ នាងកំពុងដាំទឹកឆុងមីក្នុងផ្ទះបាយ ស្រាប់តែជនសង្ស័យបានមកឱប និងបៀតបៀនកេរ្តិ៍ភេទរូបនាង ថែមទាំងលួងលោមថា ឲ្យលុយនាងចំនួន២ម៉ឺនរៀល ដើម្បីសុំរួមភេទ តែនាងមិនព្រម។  នារីរងគ្រោះបានបន្តថា កាលពីឆ្នាំ២០១៣ រូបនាង ព្រមជាមួយម្ដាយបង្កើត និងឪពុកចុងរូបនេះ បានទៅខេត្តរតនគិរី ជាមួយគ្នាដើម្បីធ្វើកម្មករចំការកៅស៊ូ ហើយនៅថ្ងៃមួយពេលដែលម្ដាយនាងស្រវឹងស្រា ជនសង្ស័យបានចាប់រំលោភនាងបានម្ដង និងបានរំលោភនៅពេលក្រោយមក ជនសង្ស័យបានចាប់រំលោភនាងចំនួន ២ដងទៀត។

សូមជម្រាបថា ក្រោយការចាប់ឃាតខ្លួន នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើ បានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាព រំលោភសេពសន្ថវៈ ទៅលើនារីរងគ្រោះដូចទៅនឹងការប្តឹងចោទពិតមែន៕