(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte  នៅថ្ងៃអង្គារ នេះ បានប្រាប់ឱ្យ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា «ទៅចុះនរកទៅ»  និងថែមទំាងបានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោន បានបដិសេធលក់អាវុធឱ្យប្រទេសរបស់លោក ប៉ុន្តែលោកមិនខ្វល់ឡើយ ព្រោះថា រុស្ស៊ី និងចិននឹងក្លាយជា អ្នកផ្គត់ផ្គង់សព្វាវុធសម្រាប់ហ្វីលីពីន​។ នេះបើយោងតាមការចុះផ្សាយ របស់សារព័ត៌មាន Channel News Asia​ នៅថ្ងៃពុធ ទី០៥ ​ខែតុលា ឆ្នាំ២០១៦។

ថ្លែងនៅក្នុងសុន្ទរកថា ក្នុងទីក្រុងម៉ានីល លោក Duterte បានឱ្យដឹងថា លោកនឹងសើរើឡើងវិញ នូវគោលនយោបាយការបរទេសរបស់លោក ដោយរំលឹកថា លោកនឹងកាត់ផ្ដាច់ពីសហរដ្ឋអាមេរិក ប៉ុន្តែគេពុំទាន់ដឹង នៅឡើយថាតើការកាត់ផ្ដាច់នោះ ចង់សំដៅទៅលើអ្វីឱ្យប្រាកដ។
ប្រធានាធិបតីមាត់ដាចរូបនេះបាននិយាយ ទៀតថា « ​ទៅចុះនរកទៅ លោក ​អូបាម៉ា ហើយបើសិនជា អ្នក (សហរដ្ឋអាមេរិក) មិនចង់លក់អាវុធឱ្យ ហ្វីលីពីន នោះខ្ញុំនឹងទៅរក រុស្ស៊ី និង ចិន។ ខ្ញុំបានបញ្ជូន ឧត្ដមសេនីយ៍ជាច្រើននាក់ទៅទីក្រុងមូស្គូ មិនតែប៉ុណ្ណោះ រុស្ស៊ី បានប្រាប់ថា «កុំបារម្ភ» យើងមានអ្វី គ្រប់យ៉ាងដែលអ្នកត្រូវការ ហើយយើងនឹងផ្ដល់ជូនអ្នក»។

គួររំលឹកថា ការលើកឡើងបែបនេះរបស់ប្រធានាធិបតីហ្វីលីពីន ធ្វើឡើងនៅចំពេលដែល សហរដ្ឋអាមេរិក និង ហ្វីលីពីន កំពុងធ្វើសមយុទ្ធយោធារួមគ្នាប្រចំាឆ្នាំ នៅឯកោះ Luzon និង កោះ Palawan ដែលគ្រប់គ្នាធ្លាប់ដឹងថា អាចសមយុទ្ធចុងក្រោយ រវាងសម្ព័ន្ធមិត្តទាំងពីរ៕