(​វ៉ាស៊ីនតោន)៖ កូនប្រុសរបស់លោក Donald Trump​ គឺលោក  Eric Trump បានប្រាប់ ស្ថានីយ៍ទូរស្សន៍ CNN ថា ឪពុករបស់លោកដែលជា បេក្ខភាពប្រធានាធិបតីអាមេរិកនៃគណបក្ស សាធារណរដ្ឋ ពិតជាបានបង់ពន្ធលើប្រាក់ចំណូលសហព័ន្ធយ៉ាងពិតប្រាកដ។ បើតាមការចុះផ្សាយ ដោយសារព័ត៌មាន Washington Examiner​​ នៅថ្ងៃពុធ ទី០៥ ខែ​តុលា ឆ្នាំ២០១៦។

នៅក្នុងបទសម្ភាសន៍ជាមួយនឹងស្ថានីយ៍ទូរទស្សន៍ CNN លោក Eric Trump ​បាននិយាយថា «ឪពុករបស់ខ្ញុំ ពិតជាបានបង់ពន្ធក្នុងចំនួនដ៏ច្រើន នៅក្នុងនាមក្រុមហ៊ុន របស់យើងដែលបានផ្ដល់ ការងារដល់បុគ្គលិករាប់ពាន់នាក់ ដើម្បីផ្គត់ផ្គង់គ្រួសាររបស់ពួកគេ»

គួររំលឹកថា ការអះអាងបែបនេះ របស់លោក Eric Trump  ធ្វើឡើងដើម្បីជាការឆ្លើយតបនឹង សារព័ត៌មាន New York Time ដែលបាន​ចុះផ្សាយថា លោក Donald Trump មិនបានបង់ពន្ធលើ ប្រាក់ចំណូលសហព័ន្ធ អស់រយៈពេលជាង១៨ឆ្នាំ បើផ្អែកលើទិន្នន័យបង់ពន្ធរបស់លោកក្នុងឆ្នាំ១៩៩៥។ ក៏ប៉ុន្តែដោយសារនៅក្នុង អំឡុងពេលនោះ លោក  Donald Trump​ បានខាតបង់ប្រាក់ជិត មួយពាន់ លានដុល្លារ ដូច្នេះទើបលោកបញ្ជាក់ថា លោកមានសិទ្ធិពិសេស មិនបាច់បង់ពន្ធតាមច្បាប់កំណត់។​
លោក Donald Trump​ បានលើកឡើង ដូច្នេះថា «ក្នុងនាមជាពាណិជ្ជករ និងអ្នកស្ថាបនា ខ្ញុំមានសិទ្ធិស្របច្បាប់ក្នុងការប្រើប្រាស់ច្បាប់ពន្ធដារ ក្នុងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ រួមទំាងផលប្រយោជន៍សហគ្រាស អ្នកវិនិយោគ និង បុគ្គលិករបស់ខ្ញុំ»។

ពន្ធលើប្រាក់ចំណូលសម្រាប់សហព័ន្ធ គឺជាពន្ធដែលទាមទារដោយ សេវាកម្មប្រាក់ចំណូលផ្ទៃក្នុង របស់អាមេរិក (IRS) ទៅលើប្រាក់ចំណូលដែល បុគ្គល, ក្រុមហ៊ុន, ស្ថាប័ន និង សហគ្រាសស្របច្បាប់ នានាទូទាំងអាមេរិករកបាន (ដូចជាពន្ធលើប្រាក់ខែមន្ត្រីរាជការ ដែលត្រូវបង់ជូនរដ្ឋដែរ)៕