(សេអ៊ូល)៖ គេហទំព័របច្ចេកវិទ្យា Electronic Times របស់ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ នៅថ្ងៃពុធនេះថា ក្រុមហ៊ុនយក្ស Samsung Electronics Co Ltd នឹងក្លាយជាអ្នកផលិតផ្តាច់មុខ នូវបន្ទះឈីបជំនាន់ថ្មី Qualcomm Snapdragon ដែលមានល្បឿនលឿន។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃពុធ ទី០៥ ខែតុលា ឆ្នាំ២០១៦។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយនេះ នឹងផលិតបន្ទះឈីប Snapdragon 830 របស់ក្រុមហ៊ុនបរិក្ខារទូរគមនាគមន៍ Qualcomm ដែលនឹងមានការផលិតឲ្យមាន ទំហំតូចបំផុត ត្រឹមតែ ១០ណាណូម៉ែត្រ។ មួយវិញទៀត ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ បានព្រមព្រៀងក្នុងបំពាក់ ប្រភេទបន្ទះឈីបថ្មីនេះ នៅលើទូស័ព្ទដៃស្មាតហ្វូនម៉ូដែល Galaxy S ដែលនឹងត្រូវចេញលក់នៅ ឆ្នាំ២០១៧ខាងមុខ។

គួរបញ្ជាក់ដែរថា កាលពីខែមករា ដើមឆ្នាំនេះ ក្រុមហ៊ុន Samsung បានធ្វើអះអាងថា ខ្លួនគឺជាអ្នកផលិតផ្តាច់មុខតែមួយគត់ នៃបន្ទះឈីប Snapdragon 820 ដែលជាបន្ទះឈីបជំនាន់មុន ហើយការចំណាយក្នុងការផលិតនៅពេលនោះ ត្រូវបានអ្នកវិភាគមួយចំនួនជឿថា មានតម្លៃច្រើនជាង ១ពាន់លានដុល្លារអាមេរិក។ ជាមួយគ្នានេះដែរ ក្រុមហ៊ុន Samsung និង Qualcomm មិនទាន់អាច ទាក់ទងបានទេ ដើម្បីធ្វើការអធិប្បាយទៅលើសេចក្តីរាយការណ៍នេះ៕