(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានតំណាងកម្ពុជា បានសហការគ្នាជួយសង្រ្គោះពលរដ្ឋខ្មែរពីក្រៅ ប្រទេសបាន៥៧៨នាក់ ក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០១៦។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេសកម្ពុជា និងសហប្រតិបត្តិការផ្សព្វផ្សាយ ឲ្យដឹងនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦នេះ។

សេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស បានឲ្យដឹងថា ក្រសួងការបរទេស ហើយនឹងស្ថានទូត និងស្ថានអគ្គកុងស៊ុលកម្ពុជា នៅក្រៅប្រទេសបានជួយសង្រ្គោះ និងសម្រូលការធ្វើមាតុភូមិនិវត្តន៍ជូនពលរដ្ឋខ្មែរ បានចំនួន៥៧៨នាក់ គិតត្រឹមថ្ងៃទី២៨ ខែកញ្ញា  ឆ្នាំ២០១៦ ក្នុងនោះមាន មកពីប្រទេសវៀតណាម១៧៤នាក់ ប្រទេសម៉ាឡេស៊ី១៥០នាក់ ប្រទេសថៃ១៣៣នាក់ ប្រទេសឥណ្ឌូនេស៊ី ៥៧នាក់ ប្រទេសចិន៤៧នាក់ ប្រទេសជប៉ុន០៩នាក់ ប្រទេសសិង្ហបុរី០៣នាក់ និងប្រទេសរុស្ស៊ី០២នាក់ ប្រទេសឡាវ០១នាក់ ប្រទេសអារ៉ាប៊ីសាអូឌីត០១នាក់ និងប្រទេសអូស្រ្តាលី០១នាក់។

ក្រៅពីនោះ ក្រសួងការបរទេសក៏បានសម្រូលស្នើសុំទិដ្ឋការជូនពលករ-ពលការិនី ទៅធ្វើការនៅប្រទេសថៃ ក្នុងក្របខណ្ឌនៃអនុស្សារណៈ រវាងប្រទេសទាំងពីរ ចំនួន ១៤,៨៩០នាក់ គិតត្រឹមថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦។

បន្ថែមពីលើនេះ ក្រសួងការបរទេសក៏បានសម្រូលក្នុងការបញ្ជូនពលករ-ពលការិនីកម្ពុជា ចំនួន ៥៩៦៥នាក់ គិតត្រឹមថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦ ទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ ហើយនិងបានជួយដោះស្រាយបញ្ហាជាច្រើនករណីដែល ពលករ-ពលការិនី ឫពលរដ្ឋយើង ដែលរស់នៅទីនោះជួបប្រទះ៕