(ពោធិ៍សាត់​)៖​ ​​លោក ឡាយ វុត្ថា ​អនុប្រធានសាខាពន្ធដារខេត្ត​ ត្រូវបានតែងតាំង ជាប្រធានសាខាពន្ធដារ ខេត្តពោធិ៍សាត់ ជំនួសលោក ឯក ច័ន្ទសេរី ដែលត្រូវដាក់ឲ្យចូលនិវត្តន៍ និងលោកស្រី អ៊ុយ សាវី ​ប្រធានការិយាល័យចាត់ចែងលិខិតប្រកាស នៃសាខាពន្ធដារខេត្ត ត្រូវបានតែងតាំង ជាអនុប្រធានសាខាពន្ធដារខេត្តពោធិ៍សាត់ ជំនួសលោក ឡាយ វុត្ថា ដែលត្រូវទទួលភារកិច្ចថ្មី តាមប្រកាសលេខ ១០២៥ សហវ.ប្រក ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ពិធី​ប្រកាសចូលកាន់មុខតំណែងថ្មី​ ប្រធាន និងអនុប្រធាន សាខាពន្ធដារខេត្តពោធិ៍សាត់ ធ្វើឡើងនាព្រឹក​ថ្ងៃទី០៤ ខែតុលា ឆ្នាំ​២០១៦នេះ នៅ​សាលប្រជុំសាលាខេត្ត​ពោធិ៍សាត់ ក្រោម​អធិបតីភាព​ លោក ម៉ៅ ធនិន អភិបាលខេត្ត​ លោក កែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ​ តំណាង​លោកបណ្ឌិត​ គង់ វិបុល អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងថ្នាក់ដឹកនាំ បណ្តាមន្ទីរអង្គភាព ពាក់ព័ន្ធនានា ជុំវិញខេត្ត ​និង​មន្ត្រី​សាខាពន្ធដារ​ ជាច្រើនរូប​ផ្សេងទៀត៕