(ភ្នំពេញ​)៖ ​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក​ សេង​ លាង​ បាន​ចេញ​ដីកា​កោះ​ហៅ​ជា​លើក​ទី​២​ ឲ្យ​លោក​ស្រី​ ប៊ូ​ រចនា​ ភរិយា​នៃ​សព​លោក​បណ្ឌិត​ កែម​ ឡី​ ចូល​បំភ្លឺ​នៅ​រសៀល​ថ្ងៃ​ទី​១៧​ ខែ​តុលា​ខាងមុខ​នេះ​។​ នេះ​បើ​យោង​តាម​ដីកា​កោះ​ហៅ​របស់​តុលាការ​ដែល​ទើប​ទទួល​បាន​នៅ​ព្រឹក​ថ្ងៃអង្គារ៍នេះ​។

សូមរំលឹក​ថា​ លោក​បណ្ឌិត​ កែម​ ឡី​ ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​កាលពី​វេលា​ម៉ោង​៨៖៥០នាទី​ ព្រឹក​ថ្ងៃ​ទី​១០ខែ​កក្កដា​ ឆ្នាំ​២០១៦​ នៅចំណុច​ក្នុង​ទីតាំង​ ស្តារម៉ាត​ នៃ​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច​ បូកគោ​ ស្ថិត​នៅ​កាច់ជ្រុង​មហា​វិថី​ព្រះ​មុនីវង្ស​ និង​មហាវិថី​ម៉ៅសេទុង​ ក្នុង​សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​។

​ក្រោយ​ហេតុការណ៍​នេះ​ បុរស​ម្នាក់​ដែល​សារភាព​ថា​ជា​ឃាតក​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាមៗ​ ហើយ​បច្ចុប្បន្ន​កំពុង​ជាប់​ពន្ធនាគារ​ព្រៃស​។

ឃាតក​រូប​នេះ​ សារភាពថា​ខ្លួន​ឈ្មោះ​ ជួប​ សម្លាប់​ ត្រូវបាន​​តុលាការ​ចោទប្រកាន់​ពី​បទ​កាន់កាប់​អាវុធ​ខុសច្បាប់​ និង​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន​ តាម​មាត្រា​៤៩០​ និង​ ២០០​ នៃ​ក្រម​ព្រហ្មទណ្ឌ​។​

បទ​ចោទ​ប្រកាន់​ទាំង​នេះ​ អាច​ធ្វើ​ឲ្យ​ឃាតក​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា​មាន​ពិរុទ្ធភាព​ ដូច​ការ​ចោទប្រកាន់​មែន​៕