(ភ្នំពេញ)៖ វារីអគ្គសនីធំជាងគេបំផុតជាប្រវត្តិសាស្ត្រនៅកម្ពុជា នឹងចាប់ផ្តើមដំណើរការតួប៊ីនទី១ របស់ខ្លួន នៅឆ្នាំ២០១៧ខាងមុខនេះ។ ការចាប់ផ្តើមដំណើរការ វារីអគ្គិសនីសេសានក្រោម២នេះ នឹងជួយបង្រ្គប់ការខ្វះខាតថាមពលអគ្គិសនីនៅប្រទេសកម្ពុជាទាំងមូល។ 

វារីអគ្គិសនីសេសានក្រោម២ គឺត្រូវបានវិនិយោគរួមគ្នាដោយក្រុមហ៊ុនវិនិយោគមកពីប្រទេសចិន Hydrolancang International Energy មានភាគហ៊ុន៥១% ក្រុមហ៊ុននៅកម្ពុជា Royal Group របស់អ្នកឧកញ៉ា គិត ម៉េង មានភាគហ៊ុន ៣៩% និងក្រុមហ៊ុន EVN មកពីប្រទេសវៀតណាម មានភាគហ៊ុន១០% ជាមួយនឹងទុនវិនិយោគក្នុងទឹកប្រាក់ជាង៨០០លានដុល្លារអាមេរិក។ 

សំណង់វារីអគ្គិសនីនេះ ស្ថិតនៅខេត្តស្ទឹងត្រែង ត្រូវបានសាងសង់នៅលើផ្ទៃដីទំហំ៣ម៉ឺន៦ពាន់ហិកតា និងមានកម្ពស់សរុប៨០ម៉ែត ក្នុងនោះកម្ពស់៧៥ម៉ែត ជាកម្ពស់សម្រាប់ទប់ទឹក និងកម្ពស់៥ម៉ែត សម្រាប់ការពារហានិភ័យពីកម្រិតកម្ពស់ទឹកខ្ពស់ជ្រុលដែលយូរៗកើតមានម្តង។

គិតមកទល់ពេលនេះ ការសាងសង់សម្រេចបានជាង៨០%ហើយ ដោយប្រើប្រាស់កំលាំងពលកម្មសរុបជាង២ពាន់នាក់ ហើយនៅខែតុលា ឆ្នាំ២០១៧ខាងមុខនេះ តួប៊ីនទី១ វារីអគ្គិនី​ខាងលើបានចាប់ផ្តើមដំណើរការ ដោយអាចផលិតថាមពលអគ្គិសនី បានបរិមាណ៥០មេហ្គាវ៉ាត់ម៉ោង និងនៅចុងឆ្នាំ២០១៨ តួប៊ីនទាំង៨ នៃវារីអគ្គិសនីនេះនឹងដំណើរការពេញលេញ ដោយផលិតបានថាមពលសរុប៤០០មេហ្គាវ៉ាត់ម៉ោង។ 

តាមការប៉ាន់ស្មានរបស់រាជរដ្ឋាភិបាល នៅពេលវារីអគ្គិសនីមួយនេះដំណើរការពេញលេញ នឹងអាចផ្តល់ប្រាក់ចំណូលពន្ធដល់រដ្ឋប្រមាណ៣០លានដុល្លារក្នុង១ឆ្នាំៗ។ យោងតាមកិច្ចព្រមព្រៀង​រវាងក្រុមហ៊ុនវិនិយោគ និងរាជរដ្ឋាភិបាល បន្ទាប់ពីដំណើរការអាជីវកម្មអស់រយៈពេល៤០ឆ្នាំ គំរោងវារីអគ្គិសនីទន្លេសេសានក្រោម២នេះ នឹងត្រូវផ្ទេរជូនរដ្ឋាភិបាលជាអ្នកគ្រប់គ្រង់វិញម្តង ដែលនេះបានឆ្លុះបញ្ចាំងពីការចូលរួមចំណែកដ៏សំខាន់របស់ក្រុមហ៊ុនឯកជនជាមួយរដ្ឋាភិបាលកម្ពុជា។

ពិតណាស់កម្ពុជាមានភាពទាក់ទាញច្រើនផ្នែកការវិនិយោគ ប៉ុន្តែតំលៃអគ្គិសនីខ្ពស់នៅកម្ពុជា ក៏កំពុងតែធ្វើអោយអ្នកវិនិយោគជាច្រើនគិតថា វាជាការប្រឈមមួយ ដែលធ្វើអោយតំលៃផលិត​កម្មរបស់ពួកគេ​មានកំរិតខ្ពស់ជាងតំលៃផលិតកម្មនៅប្រទេសជិតខាងកម្ពុជា ជាលទ្ធផលធ្វើឲ្យទំនិញផលិតនៅកម្ពុជាពិបាក ប្រកួតជាមួយទំនិញផលិតនៅប្រទេសផ្សេងទៀត។ 

លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជាបានលើកឡើងថា នៅពេលនេះតំលៃអគ្គសនីនៅកម្ពុជា បានធ្លាក់ចុះជាបន្តបន្ទាប់ស្របគ្នា នឹងការកាត់បន្ថយការទិញ អគ្គិសនីពីប្រទេសជិតខាង​កម្ពុជា​ក៏ដោយសារតែវត្តមាន នៃប្រភពអគ្គិសនីដែលផ្គត់ផ្គង់ដោយវារីអគ្គិសនី។ បើតាមលោក កែវ រតនៈ ផែនការទម្លាក់តំលៃអគ្គិសនី នៅកម្ពុជាពីពេលបច្ចុប្បន្នដល់ឆ្នាំ២០២០ខាងមុខនេះ និងដើម្បីធ្វើឲ្យ​កម្ពុជា​មានឯករាជ្យភាពខាងថាមពលអគ្គិសនី គឺផ្អែកលើមូលដ្ឋានសំខាន់ បានមកពីប្រភពវារីអគ្គិសនី។ 

សូមបញ្ជាក់ថា ជាបណ្តើរៗ នៅពេលវារីអគ្គិសនីមួយចំនួនរបស់កម្ពុជាបានដំណើរការ នៅពេលនេះកម្ពុជាកំពុងតែកាត់បន្ថយការទិញអគ្គិសនី ពីប្រទេសវៀតណាម និងពីប្រទេសថៃមួយចំនួនរួច​ជាស្រេចទៅហើយ។ ហើយវត្តមានវារីអគ្គិសនីទន្លេសេសានក្រោម២ នឹងចូលរួមចំណែកដល់ផែនការកាត់បន្ថយតំលៃអគ្គិសនី នៅកម្ពុជាបានច្រើន ស្របពេលតំរូវការថាមពលអគ្គិសនី​នៅកម្ពុជាកំពុង​មានការកើនឡើងជាលំដាប់៕