(ហាណូយ)៖ យោងតាមគ្រូពេទ្យឯកទេសផ្នែកវះកាត់សរីរាង្គ ដ៏ជំនាញមួយរូប របស់ប្រទេស វៀតណាម បានឲ្យដឹងថា ការវះកាត់ផ្លាស់ប្តូរសួតនឹងក្លាយការអនុវត្តន៍ទូទៅ នៅក្នុងប្រទេសវៀតណាម ដោយចាប់ផ្តើមពីឆ្នាំ២០១៧ តទៅ។ នេះបើតាមការផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នាល្ងាចថ្ងៃចន្ទ ទី០៣ ខែតុលា ឆ្នាំ២០១៦។

ការលើកឡើងបែបនេះ ត្រូវបានធ្វើឡើងដោយ លោក Ta Ba Thang ជាអនុប្រធាននាយកដ្ឋាន ប្រយុទ្ធប្រឆាំងជំងឺរបេងនិងសួត នៃមន្ទីរពេទ្យយោធា១០៣ របស់វៀតណាម នៅក្នុងឱកាសធ្វើ បទបង្ហាញពីទស្សនវិស័យរបស់លោកទៅលើ ការវះកាត់ផ្លាស់ប្តូរសួតនៅក្នុងប្រទេសវៀតណាម នាពេលអនាគត។  

យោងតាមគ្រូពេទ្យវះកាត់សរីរាង្គរូបនេះបានឲ្យដឹងទៀតថា នៅឆ្នាំក្រោយ ការវះកាត់ផ្លាស់ប្តូរសួត ធម្មតាជាលើកដំបូង នឹងត្រូវធ្វើឡើងទៅលើអ្នកជំងឺដែលស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ (COPD) អ្នកហើមទងសួត និងអ្នកមានជំងឺមហារីកសួតដំណាក់កាលដំបូងជាដើម។ ម៉្យាងវិញទៀត ទីភ្នាក់ងារព័ត៌មានរដ្ឋ វៀតណាម VNA បានរាយការណ៍ ដោយបានធ្វើការដកស្រង់សម្តីលោក Thang ថា អ្នកដែលធ្លាប់បាន ទទួលការវះកាត់ផ្លាស់ប្តូរសួត បានបង្ហាញឲ្យឃើញថា ពួកគេមានជីវិតរស់នៅប្រសើរជាងមុន និងមានអាយុវែងទៀតផង។

ជាមួយគ្នានេះដែរ អតីតប្រធានមន្ទីរពេទ្យវៀតណាម-អាល្លឺម៉ង់លោក Nguyen Tien Quyet ដែលជា វេជ្ជបណ្ឌិតជំនាញផ្នែកវះកាត់សិរីរាង្គមួយរូបដែរនោះ បាននិយាយថា គិតត្រឹមចុងឆ្នាំ២០១៥ គ្រូពេទ្យវៀតណាម បានធ្វើការវះកាត់ផ្លាស់ប្តូរតម្រងនោមចំនួន ១,៥០០លើក ថ្លើមចំនួន៥០លើក បេះដូងចំនួន ១៣លើក និងសួតចំនួនមួយលើក។ លោក Quyet បានបន្តថា ការវះកាត់ផ្លាស់ប្តូរសួត នឹងផ្តល់ឱកាសថ្មី ក្នុងការព្យាបាលអ្នកដែលមានជំងឺមហារីកដំណាក់កាលដំបូង ឬជំងឺស្ទះផ្លូវដង្ហើម ដែលកំពុងតែរីករាលដាលឡើងនៅក្នុងប្រទេសវៀតណាម ដោយសារតែការចូលចិត្តជក់បារី និងការបំពុលបរិស្ថាន៕