(បន្ទាយមានជ័យ)៖ បុរសរងគ្រោះម្នាក់​ឃើញក្មេង​៣លង់ទឹក​ ហើយក៏បានចុះជួយក្មេងទាំង៣នាក់នោះ ស្រាប់តែអកុសលអី បែរជាលង់ទឹកស្លាប់ខ្លួនឯង​ទៅវិញ។ ហេតុការណ៍នេះ កើតឡើងនៅ​រសៀលថ្ងៃទី០៣​ ខែតុលា​ ឆ្នាំ២០១៦ នៅស្ពានកោះរលួស នៅឆ្ងាយពីប្រមាណ៣គីឡូម៉ែត្រ​ខាងលិច​ ភូមិរោគ ឃុំស្ពានស្រែង​ ស្រុកភ្នំស្រុក។

មន្ត្រីនគបាលប៉ុស្តិ៍ ឃុំស្ពានស្រែង បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះដែលស្លាប់មានឈ្មោះ ស សី ​អាយុ២៧ឆ្នាំ រស់នៅភូមិស្វាយ​ ឃុំសស្តម្ភ​ ស្រុកពួក ខេត្តសៀមរាប​ បានឃើញក្មេង៣នាក់ ដែលមានអាយុប្រមាណ៨ ទៅ៩ឆ្នាំ ដែលលេងទឹកជាច្រើននាក់​​ ហើយពេលនោះមានក្មេង៣នាក់ បានលង់ទឹក​ ស្រាប់តែជនរងគ្រោះឃើញ ក៏បានលោតចូល​ជួយ​ ពេលជួយក្មេងបានសម្រេច​ហើយ​ ស្រាប់តែលង់ទឹកខ្លួនឯង​តែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ច និងពលរដ្ឋ​ បាននាំគ្នារុករក​ជាច្រើននាទី​ ​តែរកមិនឃើញ ស្រាប់តែពេលប្រទះឃើញ ជននរងគ្រោះបានស្លាប់បាត់ទៅហើយ។ បច្ចុប្បន្នសព ត្រូវបានសមត្ថកិច្ចប្រគល់ ឲ្យ​ក្រុមគ្រួសារ យក​ធ្វើបុណ្យតាមប្រពៃណី​៕