(ភ្នំពេញ)៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បន្ដឃាត់ខ្លួនជនសង្ស័យសរុប៣នាក់ ក្នុងនោះបុរសជនជាតិនីហ្សេរីយ៉ា២នាក់ និងសង្សាជាស្ដ្រីខ្មែរម្នាក់ នៅរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦នេះ តាមផ្លូវលេខ៥BT ស្ថិតក្នុងភូមិសន្សំកុសល៥ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ដែលជាប់ព័ន្ធក្នុងករណីឆបោកលុយជាង១ម៉ឺនដុល្លារ ដែលក្រុមទាំងនេះ គឺជាមុខសញ្ញាលាងលុយកង្វក់។

មន្ដ្រីនគរបាល បានឲ្យដឹងថា កាលពីពេលកន្លងទៅ ជនជាតិនីហ្សេរីយ៉ា ទាំងនេះ បាន Chat តាម Facebook មកកាន់ជនរងគ្រោះម្នាក់ជាជនជាតិខ្មែរ​ សហការគ្នាព្រោះថា ខ្លួនមានទឹកថ្នាំ ដើម្បីលាងលុយហើយអាចចាយបាន ហើយ​ជនរងគ្រោះក៏បានយល់ព្រមសហការជាមួយ ពេលនោះជនរងគ្រោះបានទៅជួបក្រុមជនសង្ស័យ ស្រាប់តែជនសង្ស័យបានក្លែងបន្លំ ដោយយកលុយ ២០០ដុល្លារ ជាលុយពិតប្រាកដ ធ្វើជាយកទៅលាង រួចប្រគល់ឲ្យជនរងគ្រោះយកទៅចាយ ហើយក៏ចាយបានធម្មតា ទើបសម្រេចចិត្តសហការគ្នារកស៊ី។

មន្ដ្រីដដែល បន្ថែមថា ​ក្រោយពីដឹងថាជនរងគ្រោះជឿទុកចិត្តហើយនេះ ជនសង្ស័យបានកំហុសជនរងគ្រោះថា ខ្លួនខ្វះលុយក្នុងការទិញទឹកថ្នាំ ដោយឲ្យជនរងគ្រោះផ្ញើលុយឲ្យខ្លួន ៨,០០០ដុល្លារ ដើម្បីទិញទឹកថ្នាំ លុះក្រោយមកជនសង្ស័យបានបង្គាំឲ្យជនរងគ្រោះផ្ញើលុយមកបន្ដទៀត ដែលសរុបជាង១ម៉ឺនដុល្លារ ស្រាប់តែពេលនោះជនរងគ្រោះ បានដឹងថាខ្លួនប្រហែលជាចាញ់បោកគេ ទើបទៅដាក់ពាក្យបណ្ដឹងឲ្យ សមត្ថកិច្ចជួយអន្ដរាគមន៍។

ក្រោយពីទទួលបណ្ដឹងភ្លាម កម្លាំងនគរបាលជំនាញ បានធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបាន ហើយឈានដល់ការឃាត់ខ្លួន ជនសង្ស័យម្នាក់ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦កន្លងនៅនេះ ហើយកម្លាំងជំនាញបានបន្ដការស្រាវជ្រាវទៀត រួចក៏បានឃាត់ខ្លួនជនសង្ស័យ២នាក់បន្ថែមទៀតនៅរសៀលនេះ ដោយសរុបកម្លាំងនគរបាលជំនាញឃាត់ខ្លួនបានជនសង្ស័យ៣នាក់។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវការកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ក្រសួងមហាផ្ទៃ នាំខ្លួនទៅសួរនាំ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕