(Fukushima, ជប៉ុន)៖ យុវជនកម្ពុជាទាំង២២រូប រួមទាំងអ្នកព័ត៌មាន Fresh News ផងដែរ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦នេះ បានធ្វើ ដំណើរមកដល់ខេត្ត Fukushima ហើយ ដើម្បីទស្សនកិច្ចសិក្សាលើវិស័យកសិកម្មតាមបែប បច្ចេកវិទ្យាទំនើបនៅក្នុងខេត្តមួយនេះ។

ក្នុងដំណើរមកកាន់ខេត្ត Fukushima នេះ ក្រុមយុវជនកម្ពុជា រួមនិងយុវជនមកពីប្រទេសម៉ាឡេស៊ី និងទីម័រផងដែរ នឹងស្នាក់នៅក្នុងខេត្តនេះ ចំនួនពីរថ្ងៃ ហើយក៏នឹងទៅបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌល ពិសោធន៍លើដំណាំកសិកម្ម ក៏ដូចជាចុះទៅសិក្សាតាមវាលស្រែរបស់ ប្រជាកសិករជប៉ុនដោយផ្ទាល់ផងដែរ។

មុននឹងចុះទៅតាមមជ្ឈមណ្ឌលពិសោធន៍ ក៏ដូចតាមការសិដ្ឋានក្រុមយុវជនទាំង៣ប្រទេស ត្រូវបានអនុញ្ញាតឲ្យចូលស្តាប់នូវបទបង្ហាញ ពីអាជ្ញាធរខេត្ត ដើម្បីណែនាំពីស្ថានភាពទូទៅ ក៏ដូចជាការដាំដុះនៅក្នុងខេត្ត Fukushima ផងដែរ។

យុវជនកម្ពុជា មីយ៉ាន់ម៉ា និងទីម័រ បានធ្វើចំណាយពេលមកកាន់ខេត្ត Fukushima តាមរយៈរថភ្លើងល្បឿនលឿន ដោយចំណាយពេល ប្រមាណជាពីរម៉ោងពីទីក្រុងតូក្យូ។ មុននឹងចេញដំណើរមកកាន់ Fukushima នៅព្រឹកមិញនេះ ក្រុមយុវជនកម្ពុជា និងទីម័រ ត្រូវបាននាំ ចូលទៅមើលក្រុមហ៊ុន Pasona ជាក្រុមហ៊ុន ដែលបានប្រើបច្ចេកវិទ្យាខ្ពស់ក្នុងការដាំដុះបន្លែ និងដំណាំស្រូវក្នុងការិយាល័យធ្វើការ។

ក្រុមយុវជនកម្ពុជា បានបង្ហាញក្តីរំពឹងថា ក្នុងដំណើទស្សនកិច្ចនេះ ពួកគេនឹងដកស្រង់បានពិសោធន៍ច្រើនពាក់ព័ន្ធនិងវិស័យកសិកម្ម ក៏ដូចជាការធ្វើជំនួញទាក់ទងនិងវិស័យកសិកម្មនេះផងដែរ។

សូមបញ្ជាក់ថា ខេត្ត Fukushima គឺជាខេត្តមួយ ដែលបានរងការវាយយ៉ាងធ្ងន់ធ្ងរដោយសារគ្រោះរញ្ជួញដីកម្រិតប្រមាណ ៩.០រិចទ័រ កាលពីខែមីនា ឆ្នាំ២០១១ ដែលនាំឲ្យប្រជាជនជប៉ុនក្នុងខេត្តនេះស្លាប់ និងរងរបួសរាប់ពាន់នាក់។ គ្រោះរញ្ជួយដីនាំឲ្យខូចខាតគិតជា ទឹកប្រាក់ជាង ១,១៩៨.៨ ពាន់លានដុល្លារអាមេរិក។

តែទោះជាយ៉ាង៥ឆ្នាំក្រោយគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរនេះ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទាំងអស់របស់ប្រទេសនេះ ត្រូវបានស្រោស្រង់ឡើងវិញ និងកំពុងដាក់ឲ្យដំណើរការឡើងវិញជាប្រក្រតី។ ការរស់នៅរបស់ប្រជាពលរដ្ឋ ក៏បានប្រព្រឹត្តទៅជាធម្មតាផងដែរ។

ខេត្ត Fukushima មានប្រជាពលរដ្ឋប្រមាណ ១.៩លាននាក់ និងមានផ្ទៃដី ១៣,៧៨៣គីឡូម៉ែត្រក្រឡា។ ខេត្តមួយនេះ គឺជាខេត្តដែលបាន ដាំដំណាំស្រូវច្រើនផងដែរនៅក្នុងប្រទេសជប៉ុន។

សូមបញ្ជាក់យុវជនកម្ពុជា និងយុវជនសមាជិកអាស៊ានទាំង ៩ផ្សេងទៀត រួមនិងប្រទេសឥណ្ឌា និងទីម័រផងដែរ កំពុងបំពេញទស្សនកិច្ច សិក្សា និងដកស្រង់ពិសោធន៍ ដែលរៀបចំដោយ JENESYS ក្រោមប្រធាន «សេដ្ឋកិច្ច» នៅក្នុងប្រទេសជប៉ុន ចាប់ពីថ្ងៃទី២៥ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦៕