(ភ្នំពេញ)៖ និស្សិតកម្ពុជា២រូប ដែលសិក្សាជំនាញម៉ាស៉ីនឧស្សាហកម្មស្វ័យប្រវត្តិ២រូប បានឈ្នះមេដាយសំរិទ្ធ នៅក្នុងការប្រកួតប្រជែង ជំនាញអាស៊ាន លើកទី១១ នៅប្រទេសម៉ាឡេស៉ី។

ម្ចាស់ជ័យលាភីមេដាយសំរឹទ្ធទាំង២រូបនេះ រួមទាំងបេក្ខជនរបស់កម្ពុជា១១រូបផ្សេងទៀត ត្រូវលោក ឡៅ ហ៊ីម អគ្គនាយកអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បានដឹកនាំទៅចូលរួមកម្មវិធីប្រកួតប្រជែង ជំនាញអាស៊ានលើកទី១១ នៅប្រទេសម៉ាឡេស៊ី ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២០ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦។

បេក្ខជនទាំង១៣នាក់នោះរួមមាន៖ ១. ជំនាញម៉ាស៊ីនឧស្សាហកម្មស្វ័យប្រវត្តិ បេក្ខជន ០២នាក់ (១ក្រុម), ២.ជំនាញតបណ្តាញអគ្គិសនី បេក្ខជន០២នាក់, ៣.ជំនាញរៀបឥដ្ឋ បេក្ខជន០២នាក់, ៤.ជំនាញផ្សារបេក្ខជន០១នាក់, ៥. ជំនាញសរសេរកម្មវិធីកុព្យូទ័រធុរកិច្ច បេក្ខជន ០១នាក់, ៦. ជំនាញរចនាគេហទំព័រ បេក្ខជន០១នាក់, ៧. ជំនាញចុងភៅ បេក្ខជន២នាក់, ៨.ជំនាញសេវាកម្មភោជនីដ្ឋាន បេក្ខជន០២នាក់ ជាលទ្ធផលបេក្ខជន ធី សុភា និងបេក្ខជន យូ វង្សសុជាតិ ជាក្រុមបេក្ខជនក្នុងមុខជំនាញម៉ាស៊ីន ឧស្សាហកម្មស្វ័យប្រវត្តិទទួលបានមេដាយ សំរឹទ្ធ។

ជារួមនៅក្នុងកម្មវិធីប្រកួតប្រជែង ជំនាញអាស៊ាននេះ បេក្ខជនកម្ពុជាទទួលបានជ័យលាភីមួយចំនួនរួមមាន មេដាយសំរិទ្ធ (Brown Medal) ចំនួន០១ វិញ្ញាបនបត្រល្អប្រសើរ (Medallion of Excellent) ចំនួន០៣ និងវិញ្ញាបនបត្រឆ្នើមប្រចាំប្រទេស (Best Of the Nation) ចំនួន០១ ដែលក្នុងនោះមាន៖

១.បេក្ខជន០២រូប (មួយក្រុម) ជំនាញដំឡើងម៉ាស៊ីនឧស្សាហកម្មស្វ័យប្រវត្តិ ទទួលបានមេដាយសម្រឹទ្ធ ក្នុងចំណោម០៨ក្រុម មកពីប្រទេស ថៃ វៀតណាម ម៉ាឡេស៊ី សាំងហ្គាពួរ ហ្វីលីពីន ឥណ្ឌូណេស៊ី ឡាវ និងកម្ពុជា។

២.បេក្ខជន០១រូប ជំនាញតបណ្តាញអគ្គីសនី ទទួលបានវិញ្ញាបនបត្រល្អប្រសើរ (Medallion of Excellent) ក្នុងចំណោម១៧នាក់មកពី ៩ប្រទេស មានប្រទេស ថៃ វៀតណាម ម៉ាឡេស៊ី សាំងហ្គាពួរ ហ្វីលីពីន ឥណ្ឌូណេស៊ី ភូមា ឡាវនិងកម្ពុជា។

៣.បេក្ខជន ០២រូបជំនាញ សេវាកម្មភោជនីដ្ឋានទទួលបានវិញ្ញាបនបត្រល្អប្រសើរ (Medallion of Excellent) ក្នុងចំណោម១៤នាក់ មកពី៧ប្រទេស មានប្រទេសថៃ វៀតណាម ម៉ាឡេស៊ី សាំងហ្គាពួរ ឥណ្ឌូណេស៊ី ភូមា និងកម្ពុជា។

៤.បេក្ខជន ០១រូបទទួលបាននូវវិញ្ញាបនបត្រ Best of the Nation។

សូមបញ្ជាក់ថាការប្រកួត ប្រជែងជំនាញអាស៊ាន ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើម ក្នុងកិច្ចប្រជុំអង្គការពលកម្មពិភពលោក ILO/APSDEP នៅទីក្រុង Chiba ប្រទេសជប៉ុនក្នុងឆ្នាំ១៩៩៣ ហើយបានចាប់ផ្តើមដំណើរការប្រកួតប្រជែងលើកដំបូង ក្នុងឆ្នាំ១៩៩៥ នៅប្រទេសម៉ាឡេស៊ី ដែលមានសមាជិក៤ប្រទេស បានចូលរួមប្រកួតប្រជែងលើ០៦ជំនាញ។

ការប្រកួតប្រជែងនេះត្រូវបានពង្រីក និងផ្លាស់ប្តូរវេនគ្នាធ្វើជាម្ចាស់ផ្ទះ ជារៀងរាល់ពីរឆ្នាំម្តង រហូតមកដល់ពេលនេះ មានប្រទេស សមាជិកអាស៊ានទាំង១០ប្រទេសចូលរួម និងមានមុខជំនាញសម្រាប់ប្រកួតប្រជែង រហូតដល់២៥មុខជំនាញ៕