(ពោធិ៍សាត់)៖ សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ ដឹកនាំដោយលោក ហ៊ុយ ភារម្យ ប្រធានសាខា សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦នេះ បានធ្វើការចុះត្រួតពិនិត្យគុណភាព សុវត្ថិភាព ផលិតផល ម្ហូបអាហារ នៅផ្សារបឹងខ្នារ ផ្សារត្រពាំងជង និងតាមបណ្តាហាងលក់ទំនិញបោះដុំ លក់រាយ ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយក្នុងនោះមន្ដ្រីជំនាញដកហូតបានទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាពមួយចំនួន ដើម្បីយកទៅដុតកម្ទេចចោល។  

លោក ហ៊ុយ ភារម្យ បានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញមិនបានរកឃើញទំនិញដែលមាន សារធាតុគីមីហាមឃាត់ឡើយ ប៉ុន្ដែជំនាញបានរឹបអូសផលិតផល ទឹកក្រូច ខូចគុណភាព និងហួសកាលបច្ឆេទ ប្រើប្រាស់៦៣ដប និងម្សៅខ្នរ៥កញ្ចប់ យកមករក្សាទុកនៅសាខាខេត្ត ដើម្បីកម្ទេចចោល ហើយមន្ដ្រីជំនាញទាំងអស់ ក៏បានចែកផ្ទាំងរូបភាពអប់រំ ស្តីពីសុវត្ថិភាព ម្ហូបអាហារ ដល់អាជីវករ និងប្រជាពលរដ្ឋ ផងដែរ។

ជាមួយគ្នានោះដែរ លោកប្រធានសាខា ក៏បានអំពាវនាវដល់បងប្អួនអាជីវករទាំងអស់ សូមកុំឆ្លៀតឱកាស ដាក់តាំងលក់ទំនិញចំណីអាហារ ខូចគុណភាព និងផលិតផលវេចខ្ចប់ហួសកាលបរិច្ឆេទ ក្នុងរដូវបុណ្យកាន់បិណ្ឌ និងភ្ជុំ ដែលនាំឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ឬសម្រាប់ធ្វើចង្ហាន់ប្រគេនដល់ព្រះសង្ឃជាដើម៕