(ភ្នំពេញ)៖ ធនាគារកាណាឌីយ៉ា ព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦នេះ បានរៀបចំពីធីសំណេះសំណាល និងប្រគល់រង្វាន់លើកទឹកចិត្ត ដល់សិស្សឆ្នើមទាំង៥រូប នៅស្រុកកោះធំ ខេត្តកណ្ដាល ដែលបានប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាននិទ្ទេស A ដែលទទួលបានម៉ូតូម៉ាកហុងដា Scoopy ម្នាក់១គ្រឿង ក្រោមអធិបតីភាពរបស់ អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល ធនាគារការណាឌីយ៉ា និងមានការអញ្ជើញចូលរួមពីថ្នាក់ ដឹកនាំសំខាន់ៗរបស់ ធនាគារកាណាឌីយ៉ាជាច្រើន រូបទៀត។

ក្នុងពីធីសំណេះសំណាលនេះ​ អ្នកឧកញ៉ា ពុង ឃាវសែ បានឲ្យដឹងថា វិធីសាស្រ្តនៃការបង្រៀន គឺបានយកការសិក្សាភ្ជាប់ជាមួយនឹង ការអនុវត្តផ្ទាល់តែម្ដង ទើបសិស្សទទួលបានការចេះដឹងលឿន ហើយមានគុណភាពសំខាន់នោះគឺគោរពគោលនយោបាយរបស់រដ្ឋភិបាល ដើម្បីលើកកំពស់វិស័យអប់រំ និងជំរុញកម្រិត នៃការចេះដឹងឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

អ្នកឧកញ៉ា បានបន្តទៀតថា យុទ្ធសាស្រ្តកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំ របស់រាជរដ្ឋាភិបាល បានពង្រឹងទៅដល់គុណភាពអប់រំ របស់យើងធ្វើឲ្យក្មួយៗបានក្លាយជា មនុស្សថ្មីតាមពាក្យស្លោកថា គ្រូល្អ សិស្សល្អ ហើយប្រការដែលនាំឲ្យសិស្សពូកែ គឺមកពីកត្តាគំនិត យល់ដឹង ការចង់ចាំ និងភាពឈ្លាសវៃ ។ លោកថា ថ្ងៃប្រឡងជាប់បាក់ឌុប ជាថ្ងៃផ្លាស់ប្ដូរជីវិត យើងដែលរួចផុតរយៈពេល ១២ឆ្នាំ ក្នុងកម្រិតបឋម និងដល់មធ្យមសិក្សា ឈានជើងចូលដល់កម្រិតឧត្តមសិក្សា។

អ្នកឧកញ៉ា ក៏បានកោតសរសើរ ដល់ក្មួយៗដែលបានប្រឹងប្រែងរៀនសូត្រ រហូតទទួលបានចំណាត់ថ្នាក់ ជាសិស្សពូកែនៅទូទាំងប្រទេស កន្លងទៅនេះ។  ទាំងនេះបានបញ្ជាក់ថា ក្មួយៗពិតជាបានស្ដាប់ ការទូន្មានប្រៀនប្រដៅរបស់មាតាបិតា អាណាព្យាបាលស្ដាប់ការបង្ហាត់ បង្រៀនលោកគ្រូ អ្នកគ្រូ ហើយខិតខំរៀនសូត្រ ដោយមិនធ្វេសប្រហែលឡើយ។

អ្នកឧកញ៉ា បានបញ្ជាក់ថា «ប៉ុន្តែយើងទាំងអស់គ្នា ក៏ពុំទាន់មានមោទនភាព និងជ័យជម្នះដែលទើបតែបានពាក់កណ្ដាលទីនេះឲ្យសោះ ព្រោះថាយើងនៅមាន ពេលច្រើនបន្តទៀត ដែលយើងត្រូវប្រឹងប្រែងរៀនសូត្រ រហូតប្រឡងជាប់ថ្នាក់ទី១២ និងបន្តរហូតប្រឡងចូល មហាវិទ្យាល័យរៀនយកជំនាញផ្សេងៗ ដែលក្មួយចង់ ហើយរៀនបន្តរហូតប្រឡងជាប់ ទទួលបានការងារធ្វើដូចនេះ គឺនៅវែងឆ្ងាយ ណាស់»

សូមជម្រាបថា ក្រោយពីការប្រកាស ផ្ដល់រង្វាន់លើកទឹកចិត្ត អ្នកឧកញ៉ា ពុង ឃាវសែ ក៏ផ្ដល់ក្ដីសង្ឃឹមបើកផ្លូវ សម្រាប់សិស្សពូកែនិទ្ទេស Aទាំង៥នាក់នេះ អាចមានឱកាសបម្រើការងារ នៅក្នុងធនាគារកាណាឌីយ៉ា នាពេលអនាគត ប្រសិនបើពួកគេចង់ធ្វើការក្រោយ ពេលរៀនចប់៕