(ឡាប៉ាស់)៖ ប្រធានាធិបតីបូលីវីលោក Evo Morales បានហៅការជជែកប៉ោងសរសៃកដាក់គ្នា រវាងបេក្ខជនប្រធានាធិបតីអាមេរិកទាំងពីរបក្ស ថាគ្រាន់តែជាការ «សម្តែងឆាកល្ខោន» ប៉ុណ្ណោះ ហើយអាមេរិក គឺមាននយោបាយតែមួយប៉ុណ្ណោះ នោះគឺការធ្វើអន្តរាគមន៍ ដែលប្រធានាធិបតីជាប់ឆ្នោត ទោះបីមកពីបក្សណាក៏ដោយ ក៏នឹងមិនមានការផ្លាស់ប្តូរអ្វីដែរ។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយស៊ិនហួរ នារសៀលថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០១៦។

លោក ដូណាល់ ត្រាំ និង លោកស្រី ហ៊ីលឡារី គ្លីនតុន បានធ្វើការតស៊ូមតិគ្នាជុំទីមួយ នៅថ្ងៃអង្គារ តាមកញ្ចក់ទូរទស្សន៍ ដោយក្នុងនោះបេក្ខជនទាំងពីរ បានបាញ់ផ្លោងពាក្យសម្តីដាក់គ្នា មិនចេះអស់ មិនចេះហើយ ប៉ុន្តែក្រុមអ្នកវិភាគបានអះអាងថា លោកស្រី គ្លីនតុន បាននាំមុខលោក ត្រាំ សម្រាប់ការជួបតទល់មុខគ្នាលើកដំបូង។

ទោះបីជាបែបនេះក្តីក៏លោក Evo Morales អះអាងថា អាមេរិកនៅតែបង្កើតនយោបាយ ពង្រីកឥទ្ធិពល របស់ខ្លួនទៅគ្រប់ទិសទី និង ការអុជអាលឲ្យមានសង្គ្រាម នៅប្រទេសដទៃ ដែលបានបណ្តាលឲ្យ មនុស្សរាប់ពាន់រាប់ម៉ឺននាក់បាត់បង់ជីវិត។ ដោយឡែកសម្រាប់ការបោះឆ្នោត នៅខែវិច្ឆិកា ខាងមុខនេះ វិញ គឺនឹងមិនបង្កផលប៉ះពាល់ ដល់ទំនាក់ទំនងរវាង បូលីវី និង អាមេរិកនោះឡើយ៕