(ភ្នំពេញ)៖ កម្លាំងនគរបាល នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញានេះ បានចុះអប់រំផ្សព្វផ្សាយ ព្រមទាំងចែកខិតប័ណ្ណមួយចំនួនដូចជា អនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើស នឹងច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក អនុក្រឹត្យស្តីពីការកំណត់ល្បឿនយានជំនិៈ ខិត្តបណ្ណជំនួយស្មារតី ក្នុងការបើកបរ ប្រការសំខាន់ៗ ដែលអ្នកកបើកបរ ត្រូវយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក នៅតាមបណ្តាផ្សារចំនួន៤ រួមមាន ផ្សារធំថ្មី ផ្សារអូឬស្សី ផ្សារសូរិយា និងផ្សារដើមគរ ដើម្បីចូលរួនបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

ការចុះអប់រំ និងចែកខិតប័ណ្ណនេះ តបតាមសេចក្តីអំពាវនាវ របស់សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក លេខ០៣៣ ចុះថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៦ ដែលមាន៩ចំណុច និងស្តីពីវិធានការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងយោងសេចក្តីណែនាំរបស់ នាយឧត្តមសេនីយ៍ នេត សាវឿន  អគ្គស្នងការនគរបាលជាតិ។

សូមជម្រាបថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ប្រជាពលរដ្ឋខ្មែរ ពិសេសបងប្អូនកម្មករ កម្មការិនី នឹងត្រូវសម្រុកចាកចេញពីភ្នំពេញ ទៅតាមស្រុកកំណើតរបស់ពួកគេ នៅតាមបណ្តាខេត្តនានា ដូច្នេះហើយការធ្វើចរាចរណ៍ ក៏នឹងត្រូវមានការមមាញឹកខ្លាំង ទើបកម្លាំងនគរបាលនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ចុះអប់រំផ្សព្វផ្សាយ ដើម្បីឲ្យបងប្អូនអ្នកបើកបរ រថយន្តឈ្នួន បើកបរដោយប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ បង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍៕