(ឡូសអាន់ជែឡែស)៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់អាកាសចរណ៍ Asiana បានធ្វើការ ចុះចតយ៉ាងទាន់ហន់នៅឯ អាកាសយានដ្ឋានទីក្រុង ឡូសអាន់ជែឡែស នៃរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក បន្ទាប់ពីបានប្រទះឃើញផ្សែងហុយចេញពីបន្ទប់ដាក់ទំនិញ។ នេះបើតាមការ ចេញផ្សាយនៅមុននេះបន្តិច ដោយ Channel News Asia នាព្រឹកថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០១៦។

ជើងហោះហើរ Asiana Flight 201 បានធ្វើការហោះហើរ ឆ្ពោះទៅកាន់ទីក្រុងសេអ៊ូល របស់ប្រទេស កូរ៉េខាងត្បូង នៅព្រឹកថ្ងៃពុធនេះ ហើយវាបានធ្វើដំណើរអស់រយៈពេលជាងបីម៉ោងទៅហើយ ទើបជួបឧប្បដិហេតុហុយផ្សែង ចេញពីកាប៊ីនដាក់ទំនិញ ទើបក្រោយមកផ្នែកសុវត្ថិភាពបានបញ្ជាឲ្យ ពីឡុត ធ្វើការបកត្រឡប់ក្រោយវិញ ដោយដំណើរទាំងទៅទាំងមក គឺបានចំណាយពេល រហូតដល់ ៧ម៉ោងឯណោះ។

អ្នកនាំពាក្យអាកាសចរណ៍ Asiana បានលើកឡើងថា «នៅពេលដែលមានសញ្ញា បញ្ជាក់ថាមាន ផ្សែងហុយចេញពី កាប៊ីនដាក់អីវ៉ាន់នោះ យើងបានសម្រេចចិត្តបកយន្តហោះត្រឡប់ក្រោយវិញ ដោយគិតគូរអំពីសុវត្ថិភាពជាគោលចម្បងតែម្តង»។ យន្តហោះខាងលើនេះ បានដឹកអ្នកដំណើរ រហូតដល់ទៅ ៣៥៣នាក់ឯណោះ ឆ្ពោះទៅកូរ៉េខាងត្បូង ហើយដោយឡែកចំពោះឧប្បដិហេតុនេះ ក៏មិនទាន់មានការបកស្រាយពីក្រុមជំនាញថា បានបណ្តាលមកពីអ្វីដែរ៕