(ញូយ៉ក)៖ តម្លៃប្រេងឆៅបានធ្លាក់ចុះភ្លាមៗនៅថ្ងៃអង្គារ ខណៈអ៊ីរ៉ង់បានថ្លែងថា ខ្លួនមិនមានគំរោងបង្កកការផលិតប្រេងឡើយ បើទោះជាបច្ចុប្បន្នការផ្គត់ផ្គង់ប្រេងឆៅ នៅលើទីផ្សារអន្តរជាតិ កំពុងលើស ពីតម្រូវការក៏ដោយ ដែលនេះជាការផ្ដល់ភាពអស់សង្ឃឹម សម្រាប់ទីផ្សារប្រេង រួមទំាងកិច្ចព្រមព្រៀង បង្កកទិន្នផលប្រេង រវាងបណ្ដាប្រទេសជាសមាជិក អង្គការអ្នកនំាចេញប្រេង ឬហៅថា OPEC។ នេះបើ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅព្រឹកថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០១៦។

ថ្លែងក្នុងឱកាសចូលរួមក្នុងកិច្ចប្រជុំនៃ វេទិកាថាមពលអន្តរជាតិ ដែលរៀបចំឡើងចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកញ្ញានេះ នៅប្រទេស អាល់ហ្សេរី រដ្ឋមន្រ្តីប្រេងអ៊ីរ៉ង់ លោក Bijan Namdar Zanganeh បាននិយាយថា «ទីក្រុងតេហេរ៉ង់ ចង់បង្កើនការផលិតប្រេងឆៅរបស់ខ្លួនពី ៣.៦លាន បារ៉ែល ដល់ ៤លានបារ៉ែលក្នុងមួយថ្ងៃ ដូច្នេះកិច្ចព្រមព្រៀង នៅក្នុងក្របខណ្ឌនៃកិច្ចចរចា របស់អង្គការ OPEC នៅប្រទេសអាល់ហ្សេរី មិនមែនជាបំណងរបស់យើងឡើយ»។  

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ  អ្នកជំនាញមួយចំនួន យល់ថាបណ្ដាប្រទេសជាសមាជិក អង្គការ OPECសំខាន់ៗដូចជា អារ៉ាប៊ី សាអ៊ូឌីត និង កាតា ជាដើម អាចនឹងឈានដល់កិច្ចព្រមព្រៀងបង្កក ការផលិតប្រេង ឬកាត់បន្ថយការផលិតប្រេង របស់ពួកគេ ក្នុងគោលបំណងធ្វើឱ្យទីផ្សារប្រេង មានស្ថេរភាពឡើងវិញ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃអង្គារ (ពេលវេលានៅអាមេរិក) ប្រភេទប្រេងឆៅ WTI របស់សហរដ្ឋអាមេរិក សម្រាប់លក់ក្នុងខែវិច្ឆិកា បានធ្លាក់ថ្លៃជាង ១.២៦ ដុល្លារ ឬស្មើនឹង៤៤.៦៧ ដុល្លារក្នុងមួយបារ៉ែល នៅក្នុង ទីផ្សារហ៊ុន NYMEX នៃទីក្រុងNew York ចំណែកឯប្រេងឆៅ Brent  របស់អឺរ៉ុបមានតម្លៃ ៤៥.៩៧ដុល្លារ ក្នុងមួយបារ៉ែល បន្ទាប់ពីធ្លាក់ថ្លៃអស់ ១.៣៨ដុល្លារ សម្រាប់ទីផ្សារហ៊ុន ICE ក្នុងទីក្រុងឡុងដ៍៕