(ភ្នំពេញ)៖ នៅវេលាម៉ោង៩៖៣០នាទីព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦នេះ គណៈកម្មការប្រឹក្សាការងារ (LAC) ដែលមានសមាសភាពមកពីសហជីព៧រូប និយោជក៧រូប និងក្រសួងការងារ១៤រូប នឹងធ្វើការព្រមព្រៀងគ្នាជាលក្ខណៈកុងសង់ស៊ីស (ឯកច្ឆ័ន) ដើម្បីរកតួលេខកំណត់ប្រាក់អប្បបរមានៅកម្ពុជា ជូនកម្មករ និយោជិតផ្នែកវាយនភ័ណកាត់ដេរ និងផលិតស្បែកជើង។

លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ឱ្យដឹងថា បើសិនជាការព្រមព្រៀងបែបកុងសង់ស៊ីសនេះ ប្រព្រឹត្តទៅមិនបានសម្រេចដោយភាគីទាំងពីរ មិនព្រមទទួលយកនោះ គណៈកម្មការប្រឹក្សាការងារ នឹងដាក់តួលេខមួយចំនួន ដើម្បីធ្វើបោះឆ្នោតសម្រេចក្នុងថ្ងៃតែមួយតែម្ដង។

សូមជម្រាបថា ក្នុងកិច្ចប្រជុំត្រីភាគី នាថ្ងៃទី២៦ ខែកញ្ញា កន្លងទៅ ខាងសហជីពនៅតែប្រកាន់ជំហរ ១៧៧.៥៩ដុល្លារ ចំណែកឯខាងនិយោជក ក៏នៅតែប្រកាន់យក ១៤៦.៣៧ដុល្លារដដែល ដែលតួលេខទាំងពីរនេះ មានគម្លាតពីគ្នាដល់ទៅ ៣១.២២ដុល្លារឯណោះ។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានលើកឡើងថា តួលេខដែលដាក់មកចរចានោះ ខាងភាគីនិយោជកមានតួលេខពីវិទ្យាស្ថានជាតិស្ថិតិ ឯភាគីសហជីពយកតួលេខពី ការចំណាយមធ្យម និងចំណូលសរុបជាមធ្យមរបស់កម្មករ និយោជិត ទើបធ្វើឱ្យតួលេខមានភាពខុសគ្នាឆ្ងាយបែបនេះ។

ផ្ទុយពីខាងលើ លោកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា បានលើកឡើងថា អ្វីដែលសហជីពទាមទារនេះ មិនមានការហួសហេតុនោះទេ ព្រោះតាមការសិក្សារបស់ភាគីសហជីព មានតួលេខខ្ពស់ជាង​ចំនួននេះទៅទៀត។ លោកស្រីថា «តួលេខ ១៧៧.៥៩ដុល្លារនេះ មិនមែនជាចំណាយមធ្យមរបស់កម្មករទេ តែវាជាតួលេខនៃការចំណាយរបស់កម្មករ តិចតួចទៅវិញទេ បើគិតជាចំណាយមធ្យម គឺខាងសហជីពរកឃើញច្រើនជាងនេះទៅទៀត, ហ្ចឹងតួលេខ ១៧៧.៥៩ដុល្លារហ្នឹង យើងគិតថាមិនអាចចុះទៀតបានទេ»។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់គោលនយោបាយដំឡើងប្រាក់ឈ្នួល ដល់កម្មករកាត់ដេរសំលៀកបំពាក់ និងផលិតស្បែកជើងរៀងរាល់ឆ្នាំទៅតាមកំណើនសេដ្ឋកិច្ច។ កាលពីឆ្នាំមុនបន្ទាប់ពីមាន​ការចរចាដំឡើង​ប្រាក់ឈ្នួល ពីភាគីពាក់ព័ន្ធនោះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករកម្ពុជា នៅឆ្នាំ២០១៦នេះ បានកើនឡើងពី១២៧ដុល្លារ ដល់១៤០ដុល្លារ ក្នុងមួយខែដោយមិនរាប់បញ្ចូលប្រាក់ អត្ថប្រយោជន៍រួម​ទាំងប្រាក់បន្ថែមផ្សេងទៀត៕